អគ្គលេខាធិការ CDC ស្នើ TAFTAC គិតគូរលើការចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន និងទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ


(ភ្នំពេញ)៖ ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់សមាគមគិតគូរលើការចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របណាមួយសម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើដល់ដល់សមាគម TAFTAC គិតគូរទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គង់ផ្គង់សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ផ្តល់កិច្ចសហការធ្វើកិច្ចការនេះ។

ជាការឆ្លើយតប លោក Enjoy Ho ប្រធានសមាគម TAFTAC ក្នុងអាណត្តិឆ្នាំ២០២៦-២០២៨ បានទទួលយកសំណើទាំងពីរនេះ ដើម្បីធ្វើការគិតគូររៀបចំ។

សូមជម្រាបផងដែរថា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគម TAFTAC ដឹកនំាដោយលោក Enjoy Ho ប្រធានសមាគម ឯកឧត្តម ជា វុទ្ធី បានអបអរសារទរចំពោះលោក Enjoy Ho ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានសមាគម ក្នុងអាណត្តិឆ្នាំ២០២៦-២០២៨។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានចែករំលែកនូវបទពិសោធន៍ការងារមួយចំនួនជាមួយអតីតប្រធានសមាគម និងកិច្ចសហប្រតិបត្តិផ្សេងៗនាពេលកន្លងមករវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសមាគម ក្នុងការលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក Enjoy Ho បានជម្រាបជូនពីសាវតាររបស់សមាគមដែលបានប្រែក្លាយពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មកជាសមាគម TAFTAC ដែលមកទល់ពេលនេះមានអាយុកាលប្រមាណ៣០ឆ្នាំ។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសមាគម និង ក.អ.ក. នាពេលកន្លងមក ព្រមទាំងបានស្នើសុំ ក.អ.ក. ឱ្យបន្តគាំទ្រនូវសកម្មភាពរបស់សមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងឧស្សាហកម្មគាំទ្រផ្សេងៗទៀត៕