នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់សាច់គោ ជូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ នៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយកម្មវិធីសប្បុរសធម៌នេះ រៀបចំឡើងដោយសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម។
នៅព្រឹកដដែលនេះផងដែរ ឯកឧត្តម ក៏បានអញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ១៥០ កញ្ចប់ទទួលបានពីអគ្គនាយកដ្ឋានគរុភណ្ឌសាសនា នៃក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា និងផ្លែល្មើ ៨៨កេស ជាព្រះរាជអំណោយព្រះចៅសាសម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជូនដល់និស្សិតតាមបណ្តាសាកលវិទ្យាល័យទាំង១៨ ក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ(PPIC)។
ឯកឧត្តមបានឲ្យដឹងដែរថា ក្នុងខែបួសរ៉ាម៉ាឌនឆ្នាំ២០២៦នេះ ប្រទេសកាតាផ្តល់ជំនួយដល់សហគមន៍ឥស្លាមកម្ពុជា សរុបចំនួន ២៥០០ កញ្ចប់ ក្នុងនោះតាមរយៈអង្គការសប្បុរធម៌កាតា (Qatar Charity) ចំនួន ១០០០កញ្ចប់ និងក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា ១៥០០ កញ្ចប់។ ក្នុងឱកាសមានមតិសំណេះសំណាល ឯកឧត្តម រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋ និងនិស្សិត ជាទីនឹករលឹកបំផុត។
ឯកឧត្តម បានមានប្រសាសន៍រំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងរីកចម្រើនលើគ្រប់វិស័យ និងតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ផងដែរ។
ឯកឧត្តម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាយុវជន ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ និងនិស្សិត ថែរក្សាសុខភាពឱ្យបានល្អក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា។














