លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាលសម្តែងការគួរសម ជាមួយលោក Choongwhan NOH អគ្គនាយកក្រុមហ៊ុន Korean BL Pharm. Co., LTD រួមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Hyun-Chang, YU ប្រធានមូលនិធិ KNUCF (Korean National Unification Cultural Foundation និងលោក LEE Eui Taek ព្រមទាំងបានរៀបចំពិធីប្រគល់-ទទួលជានិមិត្តរូប នូវជំនួយឱសថ របស់ក្រុមហ៊ុន Yungjin Pharm. Co., Ltd និងក្រុមហ៊ុន Korean BL Pharm. Co.,Ltd ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងបន្ត។
នៅក្នុងជំនួបនោះ យោងតាមការលើកឡើងរបស់លោកអគ្គនាយក NOH បានបញ្ជាក់ថា នេះគឺជាលើកទី៥ ហើយ ដែលក្រុមហ៊ុនរបស់លោក និងក្រុមការងារ បានសម្របសម្រួលក្នុងការស្វែងរកជំនួយ និងបានផ្តល់ជូនជំនួយឱសថជាច្រើនទៅប្រទេសកម្ពុជា ហើយលោកនឹងបន្តខិតខំស្វែងរកនូវឱសថល្អៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជានៅពេលខាងមុខ។
លោកឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន និងក្រុមការងារ ដែលជានិច្ចកាលតែងតែប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកនូវជំនួយផ្សេងៗ ជាពិសេសឱសថ ដើម្បីផ្តល់ជូនទៅប្រទេសកម្ពុជា។ ក្នុងនោះផងដែរ លោកឯកអគ្គរាជទូត បានលើកទឹកចិត្តដល់ លោកអគ្គនាយក សូមសិក្សាលទ្ធភាព និងស្វែងរកនូវឱកាសសមរម្យ ដែលក្រុមហ៊ុនរបស់លោកអាចធ្វើការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជា ក្នុងវិស័យឱសថ និងសហគ្រាសផលិតឱសថ។
លោកទូតបានអញ្ជើញ លោកអគ្គនាយក ទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងសិក្សាបន្ថែម អំពីសក្តានុពលវិនិយោគ និងស្ថានភាពជាក់ស្តែងនៅទីនោះ។ ស្ថានទូត ត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូរក្នុងស្រុកដែលមានសក្តានុពល នៅក្នុងវិស័យឱសថ ប្រសិនបើក្រុមហ៊ុនមានតម្រូវការ។
លោកអគ្គនាយកក្រុមហ៊ុន មានសេចក្តីរីករាយ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់ កម្ពុជា និងបានបញ្ជាក់ថា លោកនឹងអញ្ជើញទៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ តបតាមការអញ្ជើញរបស់លោកទូត។ លោកអគ្គនាយក បានគោរពអញ្ជើញ លោកឯកអគ្គរាជទូត ទៅទស្សនកិច្ចក្រុមហ៊ុនរបស់លោកផងដែរ ក្នុងឱកាសសមស្របណាមួយ ដើម្បីបង្កើននូវភាពស្និតស្នាល និងពង្រីកកិច្ចសហការឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕





