ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអគ្គនាយកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងតែងតាំងមុខមុខតំណែង អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំឡើងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។

លោក អ៊ិន សាកាន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឡើងកាន់ដំណែងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសលោក ឡុង ណារ៉ូ ដែលត្រូវចូលនិវត្តន៍​។

គិតត្រឹមដំណាច់ឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកបណ្តាញទឹកស្អាតបន្ថែមចំនួន ៣៩៩ គីឡូម៉ែត្រ បង្កើនសមត្ថភាពផលិតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ និងពង្រីកសេវាគ្របដណ្តប់ដល់ ៨៨៧ ភូមិ ស្មើនឹង ៩២% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន។

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជនជាង ៥៣ម៉ឺនតំណ ដែលមានប្រជាពលរដ្ឋជិត ៣លាននាក់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ៕