អភិបាលខេត្តស្វាយរៀង ដឹកនាំប្រជុំពិនិត្យ និងកំណត់ព្រំប្រទល់ដីព្រែកនៅទីតាំងមួយចំនួន


ឯកឧត្តម ប៉េង​ ពោធិ៍​សា​ អភិបាលខេត្តស្វាយរៀង​នៅព្រឹក១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងកំណត់ព្រំប្រទល់ដីព្រែកចំនួន៥ទីតាំង និងការស្នើសុំចុះបញ្ជីដីតាមនីតិវិធី ពិសេសជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី​ ឯកឧត្តមអភិបាលរងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត​ លោកអភិបាលស្រុករមាសហែក-ស្រុកស្វាយជ្រំ​ និងស្រុករំដួលលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុករំដួល ស្រុករមាសហែក និងស្រុកស្វាយជ្រំ​ លោក លោកស្រីមេឃុំពាក់ព័ន្ធ នៃស្រុករំដួល ស្រុករមាសហែក និងស្រុកស្វាយជ្រំ។

សូមបញ្ជាក់ថា​ គណៈកម្មាធិការគ្រប់គ្រងអាងទន្លេ ខេត្ត បានយកចិត្តទុក្ខដាក់ឲ្យមានការចុះសិក្សាកំណត់ផ្ទៃអាងទឹក ទន្លេ និង ព្រែក ក្នុងខេត្ត គឺវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់បម្រើឲ្យវិស័យកសិកម្ម និងពហុបំណង ដល់ ប្រជាពលរដ្ឋនៅក្នុងខេត្ត​។

ទន្ទឹមនេះ​ ការកំណត់​ គឺស្របទៅនឹងទំហំនៃការរីករាលដាល ការវាទយកដីសាធារណៈជាកម្មសិទ្ធិ និងមានការស្នើសុំដីធ្វើកម្មសិទ្ធិពាក់ព័ន្ធនឹងអាងទឹក ទន្លេ និងព្រែក កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្អែកលើកត្តាទាំងអស់នេះ រដ្ឋបាលខេត្តមានបំណងកំណត់ផ្ទៃអាងទឹក ទន្លេ និងព្រែក ទាំងអស់ក្នុងខេត្តឲ្យ បានច្បាស់លាស់​ ក្នុងនោះកន្លងមកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត បានកំណត់ព្រំប្រទល់អាងទឹកបាន ចំនួន១២កន្លែង ហើយបានសម្រេច ដោយឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦​ ហើយកិច្ចការនេះ រដ្ឋបាលខេត្ត​ និងនៅតែបន្តធ្វើ​ជាជំហានបន្តបន្ទាប់ទៀត​ សម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ៕