ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមគណៈអភិបាលរងខេត្ត ស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងទាំងបី រដ្ឋបាលក្រុង-ស្រុកទាំង៩ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងកិច្ចការពារបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ត្រូវប្រទេសជិតខាងនាពេលកន្លងមក ខ្លះរងរបួស និងបានពលីនៅក្នុងសមរភូមិ។
ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ពេលឆាប់ៗ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចាត់តាំងការសម្តែងសិល្បៈ និងទស្សនីយភាព ជូនប្រជាពលរដ្ឋទស្សនាកំសាន្តតាមទីសាធារណៈ និងបំផុសក្នុងការចាត់តាំងលេងល្បែងប្រជាប្រិយកំសាន្ត តាមទីសាធារណៈ និងចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុសក្នុងការលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកំសាន្តសប្បាយ តាមរមណីយដ្ឋានប្រវត្តិសាស្ត្រនានា តាមទីវត្តអារាម ទីប្រជុំជន ភូមិ ឃុំ សង្កាត់ តាមទម្លាប់នៃតំបន់នីមួយៗ ដើម្បីអប់រំ និងបង្ហាញឱ្យយុវវ័យជំនាន់ក្រោយបានយល់ដឹង និងឃើញ ហើយបន្តវេនរក្សាឱ្យបានគង់វង្ស នូវប្រពៃណីដ៏ល្អបវររបស់ជាតិយើង។
ក្នុងនោះកងកម្លាំងទាំង៣ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ក្រុង-ស្រុក ត្រូវមានផែនការណែនាំជាក់ស្តែង ដល់អង្គភាពក្រោមឱវាទ ចាត់តាំងក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង បង្កើនកិច្ចសហការការពារ ជាពិសេសរាល់អំពើ ឬល្បែងទាំងឡាយណា ដែលនាំឱ្យខាតបង់អន្តរាយទ្រព្យសម្បត្តិ នាំឱ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជា ការប្រើអំពើហិង្សា បណ្តាលមកពីការរាំកំសាន្ត ជាន់ជើង ប៉ះទង្គិចបន្តិចបន្តួច ការលេងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹកមានពណ៌ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកដំណើរតាមដងផ្លូវ ត្រូវ ហាមឃាត់ជាដាច់ខាត៕








