លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីរាជការក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស្បៀង និងសម្ភារៈប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៤៥៣គ្រួសារ រួមទាំងស្ត្រីមានផ្ទៃពោះ ស្ត្រីដែលមានកូនតូច គ្រូពេទ្យ គ្រូបង្រៀន និងសិស្សានុសិស្ស ដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកវត្តឧត្តរគិរីទួលអណ្តែត ស្រុកគូលែន ខេត្តព្រះវិហារ។
កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត និងបានថ្លែងអំណរគុណដល់វីរកងទ័ព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានលះបង់ និងរួមសុខរួមទុក្ខនៅតាមបន្ទាត់ព្រំដែន។
លោកជំទាវបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយ «មិនទុកនរណាម្នាក់ឱ្យនៅឯកោ» និងកំពុងខិតខំប្រឹងប្រែងដោះស្រាយ រាល់បញ្ហាប្រឈមនានាដោយសន្តិវិធី ផ្អែកលើយន្តការច្បាប់ និងការទូតអន្តរជាតិ ដើម្បីធានាបាននូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបង្កលក្ខណៈឱ្យបងប្អូនអាចវិលត្រឡប់ ទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព និងមោទនភាព។
មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរនៅមូលដ្ឋាន ដែលបានរួបរួមសាមគ្គីគ្នា រៀបចំមណ្ឌលសុវត្ថិភាពដល់ប្រជាពលរដ្ឋភៀសសឹក ដោយបង្ករលក្ខណៈអំណោយផល និងសុវត្ថិភាព សម្រាប់ការស្នាក់នៅរបស់បងប្អូនភៀសសឹកទាំងអស់ ជាពិសេសស្ត្រី និងក្មេងស្រី៕






















