លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានស្នើដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាក ដើម្បីអាចបានដឹងអំពីសុខទុក្ខបងប្អូន និងថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា។
លោកជំទាវលើកឡើងបែបនេះ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀល។
បន្ថែមពីនេះលោកជំទាវ ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យចាស់ ដែលបានខិតខំកសាង និងថែរក្សាការពារសមាជិកគណបក្សកន្លងមក ហើយបានធ្វើការណែនាំដល់ក្រុមការងារគណបក្សមូលដ្ឋានឃុំថ្មី ត្រូវយកចិត្តទុកដាក់ ថែរក្សាការពារសមាជិកគណបក្សឱ្យបានគង់វង្ស ព្រមទាំងជំរុញឱ្យមានការប្រមូលសមាជិកបន្ថែម ដើម្បីធានាបាននូវសាមគ្គីភាពផ្ទៃក្នុង ការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានការគាំទ្រពិតប្រាកដពីប្រជាពលរដ្ឋ និងឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោត។
លោកជំទាវ បានបន្តថា ក្រុមការងារគណបក្សមូលដ្ឋានឃុំ ត្រូវបន្តខិតខំប្រឹងប្រែងបញ្ចូលសមាជិកថ្មីៗ តាមភូមិទាំងអស់ ក្នុងឃុំបន្ថែមទៀតឱ្យបានច្រើនឱ្យបងប្អូនជឿជាក់ និងទុកចិត្តលើគណបក្សចូលរួមបន្តចុះផ្សព្វផ្សាយ រួមគ្នាអនុវត្ត លើកយកយុទ្ធស្រាស្តគោលដៅចម្បង ចូលរួមពង្រឹងសមត្ថភាពបន្ថែមជាអាទិភាព ខិតខំប្រឹងប្រែងបន្តយន្តការរបស់គណបក្សឱ្យបានផុលផុស ដើម្បីបង្កើតនៅសមាសភាពសមាជិកថ្មីៗឱ្យបានកើនទ្បើងតាមលទ្ធិភាពដែលអាចធ្វើទៅបាន៕

















