ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ាង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែង អំពាវនាវមន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតនៃប្រទេសកម្ពុជា ព្រមទាំងពិភពលោកទាំងមូលគ្មានការរីករាលដាលនៃជំងឺនេះបន្តទៅទៀត។
ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវារបេងពិភពលោក ២៤ មីនា ២០២៦ ក្រោមប្រធានបទ «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេងបាន៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលរៀបចំដោយ
មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី Amy Cawthorne តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, លោកស្រី Kirsty Harris តំណាងស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា, លោក ជួប សុខចំរើន តំណាងអង្គការសសង្គមស៊ីវិល និងលោក លោកស្រី ព្រមទាំងសិស្សានុសិស្ស ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ាង បានថ្លែងថា «កម្មវិធីនៅថ្ងៃនេះ មិនត្រឹមតែធ្វើឡើងដើម្បីជាការចងចាំ ជាការរំលឹកតែប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំសូមអំពាវនាវយើងទាំងអស់គ្នា ទាំងមន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋបង្វែរនូវពិធីទិវាកំចាត់រោគរបេងនេះ ឱ្យក្លាយទៅជាការសាមគ្គីភាពមួយ ដែលយើងទាំងអស់គ្នាខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដើម្បីឱ្យអនាគតនៃប្រទេសជាតិយើង គ្មានជំងឺរបេង ពិភពលោក គ្មានជំងឺរបេង សម្រាប់បច្ចុប្បន្ន និងអនាគតរបស់កម្ពុជា និងពិភពលោកទាំងមូល»។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ក្រសួង រាជធានី ខេត្ត មន្រ្តីដឹកនាំ និងគ្រប់គ្រងសុខាភិបាល រាជធានី ខេត្ត ស្រុកប្រតិបត្តិ ដែលខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវលើការងារកំចាត់រោគរបេង រហូតទទួលបានសមិទ្ធិផលជាទីមោទនៈ នាថ្ងៃនេះ។
មួយវិញទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក រដ្ឋាភិបាលសហរដ្ឋអាមេរិក មូលនិធិសកល (Global Fund) អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដែលបាននឹងកំពុងជួយឧបត្ថម្ភគាំទ្រ ដល់ការងារកំចាត់រោគរបេង គ្រប់លំដាប់ថ្នាក់ ធ្វើឱ្យការងារទទួល បានលទ្ធផលយ៉ាងល្អប្រសើរ។
នៅក្នុងឱកាសឧត្ដុង្គឧត្តមនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនបងប្អូនជនរួមជាតិក្នុងឱកាសអបអរសាទរ ទិវារបេងពិភពលោក ២៤ មីនា ២០២៦ ក្រោមប្រធានបទ «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេងបាន៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»។
ទន្ទឹមនឹងនេះផងដែរលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា គោលបំណងសំខាន់ៗ ក្នុងការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនេះ គឺដើម្បីជំរុញការលើកកម្ពស់សុខភាពប្រជាជនឱ្យកាន់តែទូលំទូលាយ និងបង្កើនការយល់ដឹង និងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេងដោយមិនអាចមើលរំលងនូវចំណុចសេសសល់បានឡើយ។
លោកបន្តថានៅក្នុងឆ្នាំ ២០២៥កន្លងទៅ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសំរបសំរួលល្អ របស់មន្ត្រីសុខាភិបាលបំរើការងារនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល បានធ្វើឱ្យកម្មវិធីជាតិកំចាត់រោគរបេង ទទួលបាននូវសមិទ្ធិផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបាន អត្រាព្យាបាល ជោគជ័យបាន ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ ៩០%៕




























