គណៈប្រតិភូសាកលវិទ្យាល័យជុងវ៉ុន ប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសន្យាផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា


ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយក្រុមគណៈប្រតិភូនៃសាកលវិទ្យាល័យជុងវ៉ុន (Jungwon University) ដឹកនាំដោយលោក JANG Kiwon សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជុងវ៉ុន នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

ជំនួបដែលបានធ្វើឡើងនាពេលថ្មីៗនេះឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះលោក JANG ដែលបានរៀបចំកម្មវិធីជំនួបជាមួយបងប្អូនពលកររដូវកាលដែលអញ្ជើញមកដល់ប្រទេសកូរ៉េកាលពីសប្តាហ៍មុន ដែលកម្មវិធីនោះបានផ្តល់ឱកាសឱ្យស្ថានទូតបានផ្តល់ព័ត៌មានចាំបាច់មួយចំនួនសម្រាប់បងប្អូនពលករក្នុងការបំពេញការងារ និងរស់នៅក្នុងប្រទេសកូរ៉េក្នុងកំឡុងអាណត្តិការងាររបស់ខ្លួន។

ឯកឧត្តមឯកអគ្គរាជទូតក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា ដែលប្រទេសកម្ពុជាបានយកប្រទេសកូរ៉េជាគំរូក្នុងការអភិវឌ្ឍ ពិសេសការអប់រំ ដែលវាជាវិស័យគន្លឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយឯកឧត្តមក៏បានស្នើលោក JANG ពិចារណារផ្តល់ចំនួនអាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជាលើវគ្គជំនាញ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងវគ្គសិក្សាខ្លីជាដើម។

លោក JANG បានឯកភាពនឹងសំណើរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការបន្ថែមចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា និងបានថ្លែងអំណរគុណដល់ស្ថានទូតដែលបានភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងក្រសួងសំខាន់ៗចំនួន ៣ របស់ប្រទេសកម្ពុជានាពេលកន្លងមក។ លោកសាកលវិទ្យាធិការ JANG ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថានទូត និងសាកលវិទ្យាល័យផងដែរ៕