សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ កម្ពុជា បាននិងកំពុងធ្វើពិពិធកម្ម ដើម្បីផ្លាស់ប្តូរពីសេដ្ឋកិច្ចអតិពលកម្ម និងការពឹងផ្អែកលើកសិកម្មប្រពៃណី ទៅកាន់មូលដ្ឋានសេដ្ឋកិច្ចចម្រុះ


ជាង២ទសវត្សរ៍កន្លងមកនេះ កម្ពុជា បាននិងកំពុងធ្វើពិពិធកម្ម ដើម្បីផ្លាស់ប្តូរពីសេដ្ឋកិច្ចអតិពលកម្ម និងការពឹងផ្អែកលើកសិកម្មប្រពៃណី ទៅកាន់មូលដ្ឋានសេដ្ឋកិច្ចចម្រុះ ដែលផ្អែកលើចំណេះដឹង ជំរុញដោយនវានុវត្តន៍ ផ្តល់នូវតម្លៃបន្ថែម និងមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។

នេះបើយោងតាម សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនត្រឹមតែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍មិនអាចខ្វះបានក្នុងការពង្រឹងសមត្ថភាព ប្រកួតប្រជែង និងភាពធន់លើគ្រប់វិស័យ ក្នុងបរិការណ៍ ដែលបណ្ដាប្រទេសក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និង់ភាពមិនប្រាកដប្រជា។

យោងតាមសារលិខិតខាងលើ បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងប្រជាជនកម្ពុជាទាំងអស់ ធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យក បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្ដែងរបស់ កម្ពុជា៕