រាជរដ្ឋាភិបាល បង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច ដើម្បីគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និងឯកជន


ក្នុងដំណាក់កាលថ្មីនៃដំណើរអភិវឌ្ឍជាតិ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន ដោយគ្រប់ប្រទេសអភិវឌ្ឍន៍សុទ្ធសឹងតែយកចិត្តទុកដាក់ និងវិនិយោគខ្ពស់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រោះលទ្ធផលនៃសកម្មភាពទាំងនេះ នាំមកនូវចំណេះដឹងថ្មី សម្រាប់បង្កើតបច្ចេកវិទ្យា ផលិតផល ដំណើរការ សេវាកម្ម និងប្រព័ន្ធថ្មីៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច សុខុមាលភាពរបស់ប្រជាជាតិទាំងមូល និង ជាភាពខ្លាំងសម្រាប់គាំទ្រសន្តិសុខជាតិរយៈពេលវែង។

នេះបើយោងតាម សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤។

សម្តេចធិបតី បានបន្តថា តាមការបង្ហាញខាងលើ ទើបរាជរដ្ឋាភិបាលបង្កើត មូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច ដើម្បីគាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និងឯកជន សំដៅជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។ នេះគឺជាជំហានដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរដំណើរវិវត្តរបស់យើងពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា និងពឹងផ្អែកលើការទិញបច្ចេកវិទ្យាពីបរទេស ទៅជាប្រទេសអ្នកបង្កើតចំណេះដឹង និងបច្ចេកវិទ្យានៅក្នុងតំបន់នាពេលអនាគត។

តាមសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ញាសិប្បនិម្មិតកំពុងលេចធ្លោជាបច្ចេកវិទ្យាមួយដែលមានការផ្លាស់ប្តូរលឿនបំផុត ហើយ ក៏ជាឱកាសសម្រាប់កម្ពុជាទាញយកផលប្រយោជន៍ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ជាមួយសក្តានុពលក្នុង ការជំរុញកំណើនផលិតភាព និងគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន៕