ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍


នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេស ទីប្រឹក្សា និងក្រុមហ៊ុនម៉ៅការ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការអនុវត្តបទដ្ឋានវិស្វកម្មឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវចីរភាពនៃការប្រើប្រាស់យូរអង្វែង និងបញ្ចៀសរាល់ការរំខានពីការអភិវឌ្ឍសំណង់ខ្ពស់ៗនាពេលអនាគត។ បន្ថែមលើនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មស្ថានីយរ៉ាដានេះ នឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការបង្កើនសុក្រឹតភាពនៃការព្យាករស្ថានភាពធាតុអាកាស របបទឹកភ្លៀង និងការតាមដានបម្រែបម្រួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងទីប្រឹក្សា ត្រូវសហការពិនិត្យរាល់ទិដ្ឋភាពបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវសមិទ្ធផលជាតិប្រកបដោយប្រសិទ្ធភាព។ ដោយឡែក ចំពោះក្រុមហ៊ុនម៉ៅការ ត្រូវអនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB ដោយផ្ដោតលើសុវត្ថិភាព និងបរិស្ថាន ដើម្បីធានាគុណភាពសំណង់រឹងមាំ និងបញ្ចប់តាមកាលវិភាគដែលបានកំណត់។