កម្ពុជា-សិង្ហបុរី ដាក់ឱ្យដំណើរការជាផ្លូវការ នូវជំហានទី២នៃការតភ្ជាប់ប្រព័ន្ធទូទាត់បង់ប្រាក់ តាមរយៈ QR Code ឆ្លងដែន


ធនាគារជាតិនៃកម្ពុជា (NBC) ក្រុមហ៊ុន Liquid Group និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវជំហានទី២ នៃការតភ្ជាប់ប្រព័ន្ធទូទាត់បង់ប្រាក់តាមរយៈ QR Code ឆ្លងដែន រវាងប្រទេសកម្ពុជា និងសិង្ហបុរី ដោយមានការគាំទ្រពីធនាគារក្នុងស្រុកចំនួនពីរ គឺធនាគារអេស៊ីលីដា និងធនាគារហ្វីលីព។

ការដាក់ឱ្យដំណើរការនេះ គឺជាជំហានទី២ ដោយធ្វើឡើងបន្ទាប់ពីមើលឃើញពីភាពវិជ្ជមាននៃជំហានទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងនោះ បានអនុញ្ញាតឱ្យអ្នកធ្វើដំណើរពីកម្ពុជា អាចប្រើប្រាស់ Scan QR Code ក្នុងបណ្តាញ RoamQR របស់ក្រុមហ៊ុន Liquid Group នៅប្រទេសសិង្ហបុរី ដោយប្រើប្រាស់គណនីប្រាក់រៀលក្នុងប្រព័ន្ធបាគង។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ពិធីនេះ បានកត់សម្គាល់ជាផ្លូវការ នូវការដាក់ឱ្យដំណើរការនៃរបៀងឌីជីថល ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរអាច «ទូទាត់ប្រាក់ដូចនៅក្នុងស្រុក» រវាងកម្ពុជា និងសិង្ហបុរី។

ស្ថិតក្រោមពាក្យស្លោក «ស្កេនក្នុងស្រុក ទូទាត់សកល» ដំណើរការនៃជំហានទី២នេះ អនុញ្ញាតឱ្យភ្ញៀវទេសចរសិង្ហបុរី អាចទទួលបានបទពិសោធន៍ នៃការចាយវាយរបស់ពួកគេ នៅកម្ពុជាដូចអ្នកក្នុងស្រុក តាមរយៈការស្កេន KHQR នៅតាមទីតាំងអាជីវកម្មជាង ៤.៥ លានកន្លែងទូទាំងប្រទេសកម្ពុជា។

ទន្ទឹមគ្នានោះ អ្នកធ្វើដំណើរអាចទូទាត់ប្រាក់ ដោយប្រើប្រាស់កម្មវិធីទូទាត់តាមទូរស័ព្ទដៃ របស់ពួកគេដោយផ្ទាល់ ខណៈដែលកម្មវិធីរបស់ធនាគារ និងដៃគូសាច់ប្រាក់អេឡិចត្រូនិកផ្សេងទៀត ដែលមាននៅក្នុងទីផ្សារកម្ពុជា និងសិង្ហបុរី នឹងត្រូវបន្តដាក់ឱ្យដំណើរការជាបន្តបន្ទាប់។

សេវាកម្មនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលឃើញអំពីអត្រាប្តូរប្រាក់បរទេស ប្រកបដោយតម្លាភាពរៀងរាល់ពេលមានការទូទាត់ប្រាក់ រួមទាំងសួរបញ្ជាក់ជានិច្ច ដើម្បីធានាបាននូវភាពច្បាស់លាស់ និងទំនុកចិត្តក្នុងការប្រតិបត្តិការនីមួយៗ។

ការទូទាត់ត្រូវបានបញ្ចប់ភ្លាមៗ ដោយមិនចាំបាច់ដូរប្រាក់សុទ្ធ ដោយរាល់ប្រតិបត្តិការ នឹងត្រូវគណនាដោយស្វ័យប្រវត្តិពីប្រាក់ដុល្លារសិង្ហបុរី (SGD) មកជាប្រាក់រៀល (KHR) ដែលផ្តល់នូវបទពិសោធន៍ទូទាត់ដ៏រលូន និងបង្កភាពងាយស្រួលដូចនៅក្នុងស្រុករបស់ខ្លួន។

អគ្គនាយកក្រុមហ៊ុន Liquid Group លោក Jeremy Tan បានថ្លែងថា ដំណើរការនៃជំហានទី២ ជំរុញឱ្យកម្ពុជានិងសិង្ហបុរី បង្កើតបានការតភ្ជាប់ប្រព័ន្ធទូទាត់ QR ឆ្លងដែនទ្វេភាគី ដោយពេញលេញជាផ្លូវការ។ ចាប់ពីពេលនេះតទៅ អ្នកធ្វើដំណើរអាចដើរកម្សាន្តនៅកម្ពុជាដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនោះទេ ពោលគឺគ្រាន់តែប្រើ KHQR Scan តាមរយៈកម្មវិធីទូទាត់តាមទូរស័ព្ទដៃដែលខ្លួនមានជាការស្រេច។

លោកបន្ថែមថា សមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការ យ៉ាងជិតស្និទ្ធរវាងប្រព័ន្ធអេកូឡូស៊ីទូទាត់របស់យើង និងគាំទ្រដល់ការប្រើប្រាស់ការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយ នៃការធ្វើដំណើរប្រចាំថ្ងៃកាន់តែងាយស្រួលជាងមុន។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានថ្លែងថា ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយ ដែលត្រូវបាន ធនាគារជាតិនៃកម្ពុជា ជ្រើសរើសឱ្យធ្វើជាធនាគារតំណាង (Sponsoring Bank) សម្រាប់គំនិតផ្តួចផ្តើមនៃការទូទាត់ QR ឆ្លងដែន ជាមួយសិង្ហបុរី ដែលដឹកនាំដោយ NBC និង MAS។

លោកក៏បានបញ្ជាក់ថា នៅក្នុងជំហានទី១ ធនាគារ អេស៊ីលីដា បានអនុវត្តដោយជោគជ័យនូវការទូទាត់ QR ឆ្លងដែនរួចមកហើយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅកម្ពុជាស្កេន SGQR របស់សិង្ហបុរី នៅតាមបណ្តាហាងក្នុងបណ្តាញ RoamQR។ ការរីកចម្រើននេះជួយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀលក្នុងតំបន់អាស៊ានផង ជំរុញបរិយាបន្នហិរញ្ញវត្ថុផង និងបង្កើនសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបន្ថែមថា នេះគឺជាជំហានបន្តដ៏ជោគជ័យមួយ របស់អេស៊ីលីដាក្នុងការតភ្ជាប់ QR ឆ្លងដែន ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត ដោយមានកិច្ចសហការពីដៃគូសំខាន់ៗដូចជា ធនាគារ អេស៊ីលីដា (កម្ពុជា) និង Liquid Group (សិង្ហបុរី) រួមទាំងមានការគាំទ្រពីធនាគារកណ្តាលដូចជា United Overseas Bank Limited និង DBS Bank Ltd នៅសិង្ហបុរី។

គួរជម្រាបជូនថា គំនិតផ្តួចផ្តើមនេះ បង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធ KHQR-SGQR ដ៏រឹងមាំ ក្រោមការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា និង (MAS)។ នៅក្នុងថ្ងៃដែលដាក់ ឱ្យដំណើរការលើកទី២នេះ បានផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់នៅសិង្ហបុរី អាចស្កេន KHQR របស់កម្ពុជាដោយផ្ទាល់ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃ។

លើសពីនេះ QR ឆ្លងដែន បានជួយសម្រួលដល់ការទូទាត់សម្រាប់អ្នកធ្វើដំណើរសិង្ហបុរីក្នុងការទិញទំនិញ និងប្រើប្រាស់សេវាកម្មផ្សេងៗនៅកម្ពុជា ព្រមទាំងបង្កើនភាពងាយស្រួល សុវត្ថិភាព ជំរុញវិស័យទេសចរណ៍ ប្រសិទ្ធភាពអាជីវកម្ម ពង្រឹងរូបិយបណ្ណក្នុងស្រុក ក៏ដូចជាបង្កើនល្បឿនពេលធ្វើប្រតិបត្តិការ និងការសន្សំសំចៃចំណាយផងដែរ។

លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បានថ្លែងថា «ធនាគារ ហ្វីលីព មានកិត្តិយសណាស់ ដែលបានក្លាយជាផ្នែកមួយ នៃដំណើរនៃការតភ្ជាប់រវាងមនុស្ស អាជីវកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ដោយសិង្ហបុរីជាកន្លែងដែលក្រុមក្រុមហ៊ុនយើងបានបង្កើតឡើង ហើយកម្ពុជាវិញជាទីតាំងដែលផ្តល់នូវភាពរីកចម្រើន»

ការដាក់ឱ្យដំណើរការលើកនេះ បានបញ្ជាក់ពីការផ្លាស់ប្តូរដ៏ធំមួយ ឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលអាចកាត់បន្ថយភាពរអាក់រអួល មិនត្រូវការប្រើសាច់ប្រាក់សុទ្ធ និងការកសាង ការតភ្ជាប់អាស៊ាន និងការផ្តល់អំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីធ្វើប្រតិបត្តិការ តាមរយៈស្កេន QR Code ក្នុងស្រុក ដែលមាននៅគ្រប់ទីកន្លែង មិនថា តំបន់ទេសចរ និងអ្នកធុរកិច្ចសិង្ហបុរី ពួកគេអាចទូទាត់ប្រតិបត្តិការភ្លាមៗនៅកម្ពុជា ដោយមិនចាំបាច់ប្តូររូបិយបណ្ណសាច់ប្រាក់ជាក់ស្តែងនោះទេ។

ក្រៅពីភាពងាយស្រួល ការតភ្ជាប់នេះដើរតួជាកាតាលីករសម្រាប់សមាហរណកម្មតំបន់ឱ្យកាន់តែទូលំទូលាយ។ គម្រោងនេះ គឺជាគ្រឹះដ៏សំខាន់សម្រាប់ការជំរុញ ​ក្របខ័ណ្ឌការតភ្ជាប់ការទូទាត់ ក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរួមតែមួយ។ លំហូរមូលនិធិនេះ ត្រូវបានរំពឹងថានឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ ដោយផ្តល់នូវជម្រើសទូទាត់ដែលប្រកបដោយសុវត្ថិភាព តម្លាភាព និងទាន់ពេលវេលា (Real-time) ជំនួសឱ្យការប្រើសាច់ប្រាក់។

លើសពីនេះ ក៏អនុញ្ញាតឱ្យអាជីវករកម្ពុជា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) អាចទទួលការទូទាត់ឌីជីថលអន្តរជាតិតាមរយៈ KHQR ប្រព័ន្ធនេះនឹងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយចំណាយប្រតិបត្តិការសម្រាប់អាជីវករក្នុងស្រុកផងដែរ៕