ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»។
ពិធីនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ (សាខាចោមចៅ) ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានសមាគមវេជ្ជសាស្ត្រអន្តរជាតិ ITRTA និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ សាកលវិទ្យាធិការ សាកលវិទ្យាធិការរង នៃបណ្តាសាកលវិទ្យាល័យសុខាភិបាល សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី ឆ្មប គិលានុបដ្ឋាក សមាជិក សមាជិកា ស.ស.យ.ក. និងនិស្សិតជាច្រើនរូបទៀត។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានជម្រាបជូន អំពីវិស័យវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ជាជំនាញដែលត្រូវបន្តការរៀនសូត្រនិងត្រូវស្រាវជ្រាវជាប្រចាំ អាស្រ័យហេតុនេះហើយបានជាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជានិច្ចកាលបានចូលរួមសិក្ខាសាលា និងសន្និសិទទាំងលក្ខណ:ជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។ ការរៀបចំសន្និសិទជាលក្ខណ:អន្តរជាតិបានចំនួន១០លើកមកហើយ ក្នុងនោះជាមួយមហាមិត្តចិន បានចំនួន៥លើក នេះជាលើកទី៦ ដែលបានរៀបចំសន្និសិទវេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិន។
ឯកឧត្តមបានបន្តថា នៅក្នុងដំណាក់កាលដែលប្រទេសជាតិទទួលរងនូវការឈ្លានពានពីសំណាក់ប្រទេសជាតិខាង សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បានចូលរួមយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាលផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ដែលបានខិតខំប្រឹងប្រែងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់។
ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការរៀបចំវេទិកាវេជ្ជសាស្រ្តអន្តរជាតិកម្ពុជា-ចិន លើកទី៦នេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងសភាពការណ៍ពិត និងតម្រូវការជាក់ស្តែងក្នុងសង្គមកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូល ដែលកំពុងស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) និងកំពុងវិវត្តយ៉ាងឆាប់រហ័សគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល និងក៏ជាការចូលរួមចំណែក ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមិត្តចិន កាន់តែស្អិតរមួត។
ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃ សេដ្ឋកិច្ច និងសង្គម កម្ពុជា ព្រមទាំងតម្រូវការក្នុងការលើក កម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់សមាជិកសមាជិកា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បន្តខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ និងបន្តការងារស្រាវជ្រាវ នវានុវត្តន៍ ទាក់ទងនឹងប្រព័ន្ធសុខាភិបាលឌីជីថលបន្ថែមទៀត ដើម្បីចូលរួមចំណែកពង្រឹងភាពធន់ និងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា៕








