តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងអភិបាលខេត្តកែប បើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅសហគមន៍នេសាទអូរក្រសារ ក្រុងកែប


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមហិរញ្ញប្បទាន របស់ធនាគារពិភពលោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានរៀបចំបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅសហគមន៍នេសាទអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ពិធីនេះបានឡើងក្រោមអធិបតីភាព ឯកឧត្តម ទា ច័ន្ទលីដា អនុរដ្ឋលេខាធិការ​ តំណាង​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ បានបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សហគមន៍ គឺជាចំណុចសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងប្រើប្រាស់សមិទ្ធផលដែលកើតមានពីគម្រោងនេះ ឱ្យមានប្រសិទ្ធភាព និងយូរអង្វែង ដើម្បីធានាបាននូវអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់សហគមន៍ទាំងមូល។ ជាពិសេសបងប្អូនប្រជានេសាទ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិរក្សធនធានជលផលសមុទ្រ ដោយណែនាំឱ្យជៀសវាងការនេសាទក្តាមដែលកំពុងមានពងបើសិនក្នុងករណីនេសាទ បានក្តាមដែលមានពង សូមលែងវិញទៅក្នុងសមុទ្រ ដើម្បីឱ្យវាបន្តពូជ។

ក្នុងឱកាសនោះ ឯកឧត្តម ទា ច័ន្ទលីដា បានថ្លែងថា ចំណោមសហគមន៍ ចំនួន១២ មាន ៥សហគមន៍ ត្រូវបានគម្រោងគាំទ្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានថវិកាសរុបប្រមាណ ៤.៣លានដុល្លារអាមេរិក។ សហគមន៍ទាំងនេះរួមមាន៖​ សហគមន៍នេសាទអូរក្រសារ ស្ថិតនៅក្នុងខេត្តកែប និងសហគមន៍នេសាទកំពង់សាមគ្គី, ត្រពាំងសង្កែ, ព្រែកត្នោត និងត្រពាំងរពៅ ស្ថិតនៅក្នុងខេត្តកំពត។

ឯកឧត្តមបានបន្ថែមថា ជាក់ស្តែងសហគមន៍នេសាទអូរក្រសារ ទទួលបានថវិកាគាំទ្រពីគម្រោង LASED III ប្រមាណ ០.៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍សំណង់សំខាន់ៗជាច្រើនរួមមាន៖​ ចំណតរថយន្ត អគារសហគមន៍, បន្ទប់ទឹកសាធារណៈ, អគារផ្តល់ព័ត៌មាន, កន្លែងអង្គុយសម្រាក និងផ្លូវដើរលើទឹកប្រវែង ៣២២ម៉ែត្រ។ ក្រៅពីនេះក៏មានកន្លែងឈប់សម្រាក, តូបលក់ភេសជ្ជៈ, ទីតាំងថតរូប និងរូបសំណាកសត្វក្រសារ ដែលជានិមិត្តរូបសហគមន៍ផងដែរ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យតំបន់មានសណ្តាប់ធ្នាប់ ស្អាត មានអនាម័យល្អ ទាក់ទាញភ្ញៀវទេសចរ និងជួយបង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងសហគមន៍៕