ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសនៅស្ថានីយបូមទឹកទំនើបកម្មសាក់សំពៅ និងប្រព័ន្ធរំដោះទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


នាថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពការងារនៅស្ថានីយបូមទឹកទំនើបកម្មសាក់សំពៅ ព្រមទាំងប្រព័ន្ធរំដោះទឹកចេញពីរាជធានីភ្នំពេញ ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពការងារបច្ចេកទេសនៃស្ថានីយបូមទឹក និងប្រព័ន្ធរំដោះទឹក ដោយបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការវិស្វកម្មទំនើបកម្ម ដែលដើរតួនាទីសំខាន់ក្នុងកិច្ចប្រតិបត្តិការបញ្ជៀសទឹកជំនន់ចេញពីរាជធានីភ្នំពេញ។ គម្រោងនេះមិនត្រឹមតែជួយការពារការលិចលង់ឱ្យស្របតាមបរិបទនៃបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ៕