ឯកឧត្តមបណ្ឌិត ចាយ បូរិន ៖ ពុទ្ធិកសិក្សាបានដើរតួនាទីសំខាន់ណាស់ ក្នុងការចូលរួមពង្រឹង គ្រឹះនៃអក្សរសាស្ត្រជាតិ


(រាជធានីភ្នំពេញ) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី អបអរសាទរ កម្មវិធីបុណ្យព្រហ្មទាន និងប្រគល់រង្វាន់ជ័យលាភី ប្រគេនសមណសិស្ស-សិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ប្រចាំឆ្នាំ២០២៤​-២០២៥-២០២៦ ។

ពិធីនេះមានការនិមន្តចូលរួមពី សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អគ្គមហាឧបាសក អគ្គមហាឧបាសិកា មហាព្រឹទ្ធគរុ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី បុគ្គលិក ពុទ្ធបរិស័ទ ប្រកបដោយភាពស្និទ្ធស្នាល ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រោមការដឹកនាំរបស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ជាព្រះនាយក និងក្រោមព្រះរាជកិច្ចដឹកនាំផ្ទាល់ របស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្នុងការរៀបចំពិធី នេះឡើង ដើម្បីចូលរួមអបអរសាទរចំពោះលទ្ធផលនៃការសិក្សារៀនសូត្រ របស់សមណសិស្ស សិស្ស ជ័យលាភីគ្រប់ព្រះអង្គ និងគ្រប់រូប ដែលបាន ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយវិរិយភាពខ្ពស់ រហូត ទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បាន បន្តយក “មនុស្ស” ជាអាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ ទៅលើ “ការអភិវឌ្ឍមូលធនមនុស្ស”។

លើសពីនេះឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ស្របទៅនឹងគោលនយោបាយខាងលើ ពុទ្ធិកសិក្សាមិនគ្រាន់តែជាសសរស្ដម្ភ រឹងមាំរបស់ព្រះពុទ្ធសាសនាប៉ុណ្ណោះនោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ ជាពិសេស ពុទ្ធិកសិក្សាបានដើរតួនាទីសំខាន់ណាស់ ក្នុងការចូលរួមពង្រឹង គ្រឹះនៃអក្សរសាស្ត្រជាតិ ហើយក៏ជាផ្នែកមួយសំខាន់ក្នុងការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត តាមរយៈវប្បធម៌សម្បូរបែបរបស់កម្ពុជា បានក្លាយជាគុណតម្លៃដ៏សំខាន់នៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា ជាពិសេស វប្បធម៌កតញ្ញូ មេត្តា ករុណា និងអហិង្សា ជាគោលការណ៍សំខាន់ សម្រាប់ការរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។

ទន្ទឹមនេះឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា គ្រឹះស្ថានអប់រំ មិនថាផ្នែកពុទ្ធចក្រឬអាណាចក្រនោះទេ គឺជា ថ្នាលបណ្តុះធនធានបញ្ញាញាណ បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណសម្បត្តិសមស្របដល់យុវសមណៈ និងយុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរទ្រូង និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍព្រះពុទ្ធសាសនា និង ប្រទេសជាតិ ក្នុងយុគនៃការកសាងកំណើនសេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង ឆ្លើយតបទៅនឹងសាសនភាវូបនីយកម្ម និងសកលភាវូបនីយកម្ម និងភាពចំបាច់របស់ព្រះពុទ្ធសាសនា និងទីផ្សារការងារសម្រាប់ស្ថាប័នរដ្ឋ និងឯកជន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ឱ្យតម្លៃខ្ពស់ និងផ្តល់អាទិភាពដល់វិស័យអប់រំទាំងពុទ្ធចក្រ និង អាណាចក្រ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មាន សក្តានុពល មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និងការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ វប្បធម៌ អរិយធម៌ កិត្តិយស កិត្យានុភាព និង មោទកភាពជាតិ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីឱ្យការអប់រំរវាងពុទ្ធចក្រ និងអាណាចក្រឱ្យមានសង្គតិភាព នឹងគ្នា បានផ្តល់នូវទស្សនទានមួយចំនួនដូចខាងក្រោម៖
ទី១.សូមលើកទឹកព្រះទ័យ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាពិសេសពុទ្ធិកសិក្សាគ្រប់កម្រិត ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់ បន្ថែមលើចំណេះដឹងស្នូល និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាម បរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមសកលភាវូបនីយកម្ម។
ទី២.សូមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងគណៈគ្រប់គ្រងពុទ្ធិកសិក្សាគ្រប់កម្រិត សូមបន្តចូលរួមលើកកម្ពស់ និងអភិវឌ្ឍគុណភាពអប់រំបណ្តុះបណ្តាល និងការកសាង “វប្បធម៌គុណភាព” និងការផ្តល់តម្លៃលើ “ធម្មាធិបតេយ្យ” ដើម្បីធានាផលិត បាននូវធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព សមត្ថភាពវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវ ដែលអាចបំពេញការងារ ប្រកបដោយប្រសិទ្ធភាព ជូនសង្គមជាតិទាំងមូល។
ទី៣.សូមឱ្យ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បន្តអភិវឌ្ឍសមត្ថភាព គ្រូបង្រៀន និងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បន្តធ្វើ ទំនើបកម្មកម្មវិធីអប់រំឱ្យស្របតាមស្តង់ដារ ក្របខ័ណ្ឌគុណវុឌ្ឍជាតិ និង ស្តង់ដារអន្តរជាតិ ដើម្បីឆ្លើយតបបានទៅ ការរីកចម្រើនជាប្រចាំនៃបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
ទី៤.សូមលើកទឹកចិត្តដល់សាស្ត្រាចារ្យ សូមបន្ត អភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញ ឯកទេសរៀងៗខ្លួន ។
ទី៥.សូមឱ្យអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាពិសេស ពុទ្ធិកសិក្សា គ្រប់កម្រិតបន្តរៀបចំពិធីបុណ្យព្រហ្មទាន ដែលជាប្រពៃណីដ៏ល្អផូរផង់នេះ ឱ្យបានជាប់ជារៀងរាល់ឆ្នាំ និងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។

សូមជម្រាបថា ពិធីបុណ្យព្រហ្មទាននេះ បានប្រារព្ធធ្វើឡើងក្រោមព្រះរាជហឬទ័យ ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែកសម្រាប់សមណសិស្ស-សិស្ស ជ័យលាភីលេខ១ ទទួលបាន មេដាយមាស បណ្ណសរសើរ ចីវរ ១ត្រៃ និងបច្ច័យចំនួន ៤០០,០០០រៀល ។ ជ័យលាភីលេខ២ ទទួលបាន មេដាយប្រាក់ បណ្ណសរសើរ និងបច្ច័យចំនួន ៣០០,០០០រៀល។ និង ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ បណ្ណសរសើរ និងបច្ច័យចំនួន ២០០,០០០រៀល ៕