ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់កំណាត់ទី២ មុនពិធីបុណ្យចូលឆ្នាំថ្មី ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំជំនាញចុះពិនិត្យទីតាំងជាក់ស្តែង


(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ត្រៀមរៀបចំពិធីបេីកការដ្ឋានការសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ដែលមានទីតាំងស្ថិតនៅ ភូមិត្រើយស្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

ការចុះពិនិត្យនេះក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធី៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ , ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ និងមន្ត្រីជំនាញ​ និងតំណាងក្រុមហ៊ុនសាងសង់ជាច្រេីនរូបទៀតផងដែរ។

សូមបញ្ជាក់ដែរថា ស្របជាមួយនឹងការទទឹងរង់ចាំរបស់ប្រជាពលរដ្ឋនៅពេលនេះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏មានសក្តានុពលក្នុងការជំរុញសេដ្ឋកិច្ច និងជាគម្រោងតភ្ជាប់ផ្លូវទឹកទន្លេ ទៅសមុទ្រដ៏សំខាន់របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែងជិត ១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បេីតាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹកដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។

គម្រោងនេះប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះក៏ជួយក្នុងការបង្កើតតំបន់ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ក៏ដូចជាការបង្កើនប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍកសិកម្ម វារីវប្បកម្ម ទេសចរណ៍ ការជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ការជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក និងការពង្រីកវិស័យអចលនទ្រព្យ ព្រមទាំងការវិនិយោគផ្សេងៗទៀត៕