រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តប្រោះព្រំរាប់បាត្រ ប្រសិទ្ធពរជ័យ សិរីមង្គល និងសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តប្រោះព្រំរាប់បាត្រ ប្រសិទ្ធពរជ័យ សិរីមង្គល និងសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមវត្តមានរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម លី សំរិទ្ធ និងឯកឧត្តម ប្រាក់ សោភ័ណ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណ ចំពោះសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃសាលាខេត្ត។ ការជួបជុំនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយនៃក្រុមគ្រួសារ មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តមក៏បានធ្វើការបួងសួងដល់បារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបុរសកុលបុត្រខ្មែរដ៏ឆ្នើម និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី និងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើន នៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មីនេះ។

ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ដែលមានទេវតាព្រះនាម គោរាក្សសាទេវី នឹងយាងចូលមកដល់នៅព្រឹកថ្ងៃអង្គារ ១២រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្ត។

ឯកឧត្តមក៏បានលើកឡើងពីការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ប្រទេសថៃ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានទីលំនៅតាមបន្ទាត់ព្រំដែន បានភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ស្រុក យកចិត្តទុកដាក់ពីជីវភាព និងសុខភាព សុវត្ថិភាពជូនបងប្អូន ព្រមទាំងបានរៀបចំកម្មវិធីចូលឆ្នាំថ្មី នៅតាមមណ្ឌលសុវត្ថិភាពផងដែរ។

ឯកឧត្តមបញ្ជាក់ថា រាល់ប្រពៃណីទំនៀមទំលាប់ដែលបងប្អូនខ្មែរខេត្តសៀមរាប យើងគោរពប្រតិបត្តិតរៀងមក ដូចជា៖ ពិធីស្រងទឹកជូនដល់ចាស់ព្រឹទ្ធាចារ្យ អ្នកមានគុណនៅតាមវត្ត តាមផ្ទះ ភូមិឃុំ សង្កាត់ យើងធ្វើទៅបានជាធម្មតា តែចំពោះនៅទីតាំងពិធីសង្ក្រាន្តសៀមរាប មិនបានអនុញ្ញាតឲ្យធ្វើការដាក់រថយន្តបាញ់ទឹកដូចឆ្នាំមុនៗនោះឡើយ៕