ឯកឧត្តម លី ធុជ ប្រកាសឃុំត្រពាំងរូងជាឃុំអស់មីន និងថ្លែងអំណរគុណឥណ្ឌាដែលបន្តគាំទ្រចក្ខុវិស័យ “កម្ពុជាគ្មានមីន” របស់សម្តេចធិបតី


(កោះកុង) ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ តាងនាមឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋបាលខេត្តកោះកុង បានអញ្ជើញអបអរសាទរការប្រកាសឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។

ពិធីនេះ ក៏មានការចូលរួមពី លោក ឡៅ ប៊ុនខេង អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងយុវជន ជាច្រើននាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រកាសឃុំត្រពាំងរូងអស់មីន គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សហគមន៍ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលសមិទ្ធផលនេះ មិនត្រឹមតែជាកិច្ចការបច្ចេកទេសនៃការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវជោគជ័យនៃការស្តារឡើងវិញនូវសុវត្ថិភាព សន្តិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយសង្គ្រាមនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

តាងនាមឱ្យ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនខេត្តកោះកុង ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំពោះសមិទ្ធផលសកម្មភាពមីនក្នុងខេត្តកោះកុង ក៏ដូចជាប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម” និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ហើយសេចក្តីថ្លៃថ្នូររបស់មនុស្សក៏ត្រូវបានស្តារឡើងវិញផងដែរ។ ប្រទេសឥណ្ឌា គឺជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏សម្តែងនូវអំណរគុណជូនដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិបត្តិករបោសសម្អាតមីន អង្គការសង្គមស៊ីវិល សប្បុរជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា សមិទ្ធផលនៃការបោសសម្អាតមីន មិនអាចកើតមានឡើងបានឡើយបើគ្មាន សន្តិភាពពេញលេញ ដែលកម្ពុជាទទួលបានតាមរយៈ គោលនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសកម្ពុជា។ សន្តិភាពនេះ បានបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការអនុវត្តការងារបោសសម្អាតមីន និងការស្តារឡើងវិញនូវការអភិវឌ្ឍន៍នៅតាមតំបន់ដែលធ្លាប់រងផលប៉ះពាល់ពីសង្គ្រាម។