ឯកឧត្តម កើត រិទ្ធ ដឹកនាំគណៈប្រតិភូបំភ្លឺជូនព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»


ព្រឹទ្ធសភា៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមាន ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃគណៈកម្មការនានានៃព្រឹទ្ធសភា។

ជាលទ្ធផល, អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។