ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្នុងគោលបំណងដើម្បីសំណេះសំណាល និងជួបជុំគ្នាដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការថ្លែងអំណរគុណ ដល់លោក លោកស្រី ដែលបានបំពេញកិច្ចការងារជាច្រើននាពេលកន្លងមក ក្នុងស្មារតី បុរេសកម្ម, សកម្ម, និងអន្តរសកម្ម។
ពិធីដ៏មានអត្ថន័យពោរពេញដោយសាមគ្គីភាពនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍ទាំងអស់សរុបចំនួនប្រមាណ ៧០០នាក់។
ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យរបស់គណបក្ស ប្រឹងប្រែងសម្រេចកិច្ចការឱ្យអស់ពីសមត្ថភាព ដោយឈរលើភាពស្មោះត្រង់ និងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មគ្រប់ជាន់ថ្នាក់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ហួត ហាក់ បានគូសរំលេចអំពីទិសដៅសម្រាប់ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល៖ ក្រសួងដាក់ចេញនូវ យុទ្ធសាស្ត្រគន្លឹះចំនួន ៦រួមមាន៖ ១៖ ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឱ្យចំគោលដៅ ព្រមទាំងការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ, ២៖ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ, ៣៖ ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជានិង ជំរុញការតភា្ជប់ការធ្វើដំណើរ, ៤៖ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍, ៥៖ ការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែបនិងកាន់តែមានភាពទាក់ទាញ, និង៦៖ ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក, ការជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ នៅតាមបណ្តាខេត្ត (១ ខេត្ត ១ ព្រឹត្តិការណ៍), ព្រឹត្តិការណ៍នៅថ្នាក់ជាតិ (បុណ្យទន្លេ, បុណ្យសមុទ្រ, បុណ្យអេកូទេសចរណ៍, បុណ្យភ្នំ) និង អន្តរជាតិ (កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី, កិច្ចប្រជុំកំពូលទេសចរណ៍ Gx Summit, ព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិ, តន្ត្រី K-pop,…)។
ឯកឧត្តម ហួត ហាក់ បានគូសរំលេចបន្ថែមថា ជាមួយនឹងយុទ្ធសាស្ត្រគន្លឹះសម្រាប់ឆ្នាំ២០២៦ ចំនួន ៦ ខាងលើ និងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦, ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវយុទ្ធនាការសំខាន់ៗមួយចំនួនទៀត សម្រាប់ឆ្នាំ ២០២៦ផងដែររួមមាន៖ ១៖ យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ពីខែឧសភា ដល់ ខែតុលា, ២៖ គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ ខែ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលគឺក្នុងអំឡុងពេលនៃរដូវកាលបៃតង), ៣៖ យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) និង៤៖ យុទ្ធនាការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព៕



















