ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារ និងជម្រាបលាឯកអគ្គរដ្ឋទូតតួកគីយ៉េ ក្នុងឱកាសបញ្ចប់អាណត្តិការទូតនៅកម្ពុជា


នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសលោកស្រីបញ្ចប់អាណត្តិការទូតនៅកម្ពុជា។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការទូតយ៉ាងសកម្មរបស់លោកស្រី អ៊ុលគូ កូចាអាហ្វេ ក្នុងកំឡុងអាណត្តិការងារនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-តួកគីយ៉េ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយមនុស្សធម៌នានាដល់កម្ពុជា ជាពិសេសតាមរយៈគម្រោង អភិវឌ្ឍន៍សហគមន៍ ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ដែលបានផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាជនកម្ពុជា ខណៈបច្ចុប្បន្ននិសិ្សតកម្ពុជា ចំនួន៧៧នាក់ កំពុងបន្តការសិក្សាលើមុខជំនាញផ្សេងៗនៅសាធារណរដ្ឋតួកគីយ៉េ មានទាំងនិស្សិតឥស្លាម និងមិនមែនឥស្លាម។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំចុងក្រោយនេះ និស្សិតកម្ពុជាជាច្រើនបានបញ្ចប់ការសិក្សាពីប្រទេសតួកគីយ៉េ ហើយពួកគេបានត្រឡប់មកវិញ ជាមួយសមត្ថភាព ចំណេះជំនាញគ្រប់គ្រាន់ ក្នុងការបំពេញការងារក្នុងផ្នែកផ្សេងៗ និងជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យតួកគីយ៉េ នៅតែបន្តសហការជាមួយប្រទេសកម្ពុជាបន្ថែមទៀត និងបន្ថែមជំនួយមនុស្សធម៌មកកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកស្រី អ៊ុលគូ កូចាអាហ្វេ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទេសរដ្ឋមន្ត្រី ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់បេសកកម្មការទូតរបស់លោកស្រី។ លោកស្រីបានបន្ដថា គាត់ពិតជាមានមោទនភាពដែលបានឃើញចំណងមិត្តភាព នៃប្រទេសទាំងពីរកាន់តែរឹងមាំ។ ទោះបីជាត្រូវបញ្ចប់អាណត្តិនៅទីនេះ ប៉ុន្តែលោកស្រីនឹងនៅតែរក្សានូវអនុស្សាវរីយ៍ដ៏ល្អៗ ជាមួយប្រជាជនកម្ពុជា និងបន្តជាស្ពានមិត្តភាពរវាងប្រជាជាតិទាំងពីរជានិច្ច។

ជាចុងក្រោយ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះសមិទ្ធផលនានា ដែលសម្រេចបានរួមគ្នាកន្លងមក រួមមានការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសតួកគីយ៉េ និងគម្រោងជំនួយនានារបស់ភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA)។ ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជូនពរលោកស្រីឯកអគ្គរដ្ឋទូត ឲ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងភារកិច្ចថ្មីៗបន្តទៀត៕