ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសំណង់ទំនើបកម្ម “ក្បាលហុងស្ទឹងតូច” ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ


នារសៀលថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញ និងក្រុមទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពការងារនៃសំណង់ទំនើបកម្មក្បាលហុងស្ទឹងតូច ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សំណង់ក្បាលហុងស្ទឹងតូច ជាសមិទ្ធផលដ៏សំខាន់ សម្រាប់បញ្ជាទឹកការពារទឹកជំនន់ឱ្យរាជធានីភ្នំពេញ និងតំបន់ជុំវិញ។ ទន្ទឹមនឹងនេះ សំណង់នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការស្ទាក់ចាប់ និងរក្សាទុកប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ដើម្បីធានាសន្តិសុខទឹកជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា សំណង់ដ៏ទំនើបនេះនឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់ទឹកកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ក្រៅពីអត្ថប្រយោជន៍លើវិស័យធនធានទឹក ទីតាំងនេះក៏ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសួនច្បារ ដែលប្រែក្លាយទៅជាតំបន់ទេសចរណ៍ និងកន្លែងសម្រាកកម្សាន្ត បង្កើនសោភ័ណភាពក្នុងតំបន់ផងដែរ៕