សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និង ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន។
ក្នុងលិខិតរំលែកទុក្ខ បានបញ្ជាក់ថា «លោកជំទាវបណ្ឌិត និងឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំពិតជាមានសេចក្តីតក់ស្លុតរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅ ជាទីបំផុតថា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើត បងថ្លៃជាទីស្រលាញ់ របស់លោកជំទាវបណ្ឌិត និងឯកឧត្តមបណ្ឌិតសភាចារ្យ បានទទួលមរណភាពនៅថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១៖១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ»។
ក្នុងបរិយាកាសដ៏សែនវិយោគសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ប្រកបដោយសមានទុក្ខដ៏ធំធេង ខ្ញុំសូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំនេះ ដោយសេចក្តីសោកសង្វេគជាទីបំផុត ព្រោះថាមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន មិនត្រឹមតែជាការបាត់បង់នូវ បងស្រីបង្កើត បងថ្លៃ និងម្តាយធំ ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ដែលកន្លងមក អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានចិញ្ចឹមបីបាច់ថែរក្សាក្នុងពុទ្ធសាសនបត្ថម្ភក៍ បានចិញ្ចឹមបីបាច់ថែរក្សាក្នុង នាមជាម្តាយផងជាឪពុកផង និងបានអប់រំផ្តល់ដំបូន្មានល្អៗដល់ប្អូនៗ និងយកអាសារក្មួយៗទាំងអស់ នៅក្នុងក្រុមគ្រួសារ ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់អតីតសាស្ត្រាចារ្យដ៏ចំណាន និងពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យ ព្រះពុទ្ធសាសនា វិស័យមនុស្សធម៌ និងសុខដុមរមនាសង្គម ឱ្យបានរីកចម្រើនជារៀងរហូតមក។
ក្នុងវេលាប្រកបដោយសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួម រំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាមួយ លោកជំទាវបណ្ឌិត និងឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកជំទាវបណ្ឌិត និងឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវការចូលរួម រំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕



