ប្រជាពលរដ្ឋក្រីក្រចំនួន ៤០០ គ្រួសារ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានអំណោយឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត


នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររា ជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងក្រុមការងារបាន នាំយកនូវអំណោយឧបត្ថម្ភរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាព (ក្រ១) ចំនួន ៤០០គ្រួសារ មកពីសង្កាត់ចំនួន៣ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយក្នុង១ គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥ម៉ឺនរៀល។

ឯកឧត្តម អេង ទូច មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសជាងគេដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ដូចមានក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ក៏ដូចជាតាមរយៈការដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត, វិធានការអន្តរាគមន៍លើគ្រប់វិស័យ និងកញ្ចប់គាំពារសង្គមផ្សេងៗ (Pro-Poor Policies, Strategies, Measures & Packages) ជាបន្តបន្ទាប់ ដើម្បីសម្រាលការលំបាក និងដើម្បីផ្តល់ការទ្រទ្រង់ និងការគាំពារដល់បងប្អូនឱ្យមានជីវភាពធូរធារ។

ឯកឧត្តមបន្តថា ដោយឡែក ក្នុងក្របខ័ណ្ឌក្រុមការងារខេត្តកំពង់ធំ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការវង្សី វិស្សុត ជាប្រធាន ក៏បានដាក់ចេញនូវចក្ខុវិស័យ, ការដ្ឋានយុទ្ធសាស្រ្ត និងយន្តការក្រុមការងារតាមវិស័យប្រទាក់ក្រឡា ព្រមទាំងផែនការអភិវឌ្ឍន៍ និងគម្រោងកម្មវិធីមួយចំនួន ដោយតម្រង់ផ្ទាល់ទៅលើការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពង់ធំ។

ឯកឧត្តម អេង ទូច បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងបានគិតគូរជាប់ជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាព។ ទន្ទឹមនេះ បច្ចុប្បន្ន បងប្អូនគ្រួសារក្រីក្រមានប័ណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដូចជា ស្រ្តីមានផ្ទៃពោះ, កូនក្រោមអាយុ២ឆ្នាំ និងកូនរៀននៅសាលាបឋមសិក្សា និងធម្យមសិក្សា, ជនមានពិការភាព, ជនចាស់ជរាមានអាយុចាប់ពីអាយុ៦០ឆ្នាំឡើង បាននិងកំពុងទទួលបាននូវការឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ បងប្អូនក៏ទទួលបាននូវអំណោយសប្បុរធម៌ជាបន្តបន្ទាប់ពីកាកបាទក្រហមកម្ពុជា, ក្រុមការងារ, អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានាជាហូរហែរផងដែរ ពោលគឺ «ពុំដែលបំភ្លេច ឬបោះបង់ចោលបងប្អូនម្តងណាឡើយ»។

ឯកឧត្តម អេង ទូច បានលើកឡើងផងដែរថា ទោះបីអំណោយឧបត្ថម្ភនេះតិចតួចស្តួចស្តើងក្តី ប៉ុន្តែបានបង្ហាញពីសមានចិត្ត ក្នុងស្មារតីចែករំលែក, គោរពស្រលាញ់ និងការយកចិត្តទុកដាក់របស់ក្រុមការងារក្នុងនាមជាជាតិខ្មែរតែមួយ ហើយក្រុមការងារនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់នឹងនៅតែបន្តការគិតគូរ និងខិតខំដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនឱ្យអស់ពីចិត្តពីថ្លើម រហូតបងប្អូនអាចចាកចេញផុតពីភាពក្រីក្រនេះ។

ឯកឧត្តម អេង ទូច បានលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមកុំតូចចិត្តនឹងខ្លួនឯងដែលរស់នៅក្នុងភាពក្រីក្រ និងកុំអាលទាន់បាក់ទឹកចិត្តអស់សង្ឈឹម តែសូមថែរក្សាសុខភាព តាមរយៈមូលនិធិធានារ៉ាប់រងសុខភាពនិងកុំភ្លេចបញ្ចូនកូនចៅទៅសាលា ហើយបើមានសមាជិកក្នុងគ្រួសារជាយុវជនពុំទាន់មានការងារធ្វើ សូមបញ្ជូនពួកគេទៅទទួលការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ ដើម្បីអាចការងារធ្វើបានសមរម្យ និងសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយចូលរួមជាមួយក្រុមការងារ និងអាជ្ញាធរ ដើម្បីរួមគ្នាអភិវឌ្ឍខេត្តកំពង់ធំរបស់យើង ក៏ដូចជាប្រទេសរបស់យើង និងដើម្បីបងប្អូនអាចឆាប់បានចាកចេញពីភាពក្រីក្រ និងមានភាពជីវភាពធូរធារប្រសើរឡើងលែងលំបាកដូចមុន។