អភិបាលខេត្តកំពង់ចាម ណែនាំឲ្យកម្លាំងប្រជាការពារ ជួយថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ គ្រប់មូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


ដោយសារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតចូលមកដល់ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជួបសំណេះសំណាលជាមួយប្រជាការពារ ក្នុងក្រុងកំពង់ចាម និងបានណែនាំឲ្យចូលរួមជួយពិនិត្យ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។ ពិធីនេះធ្វើឡើងនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីសំណាក់ លោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមប្រជាការពារ កិច្ចការដែលត្រូវធ្វើនោះ គឺមានតួនាទីជាសេនាធិការឲ្យអាជ្ញាធរមានសមត្ថកិច្ច ពោលគឺធ្វើសេនាធិការឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ ធ្វើសេនាធិការឱ្យមេឃុំ ចៅសង្កាត់ ធ្វើសេមាធិការឲ្យរដ្ឋបាលក្រុងកំពង់ចាមជាដើម។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ភារកិច្ចជាសេនាធិកានោះ គឺការចូលរួមជាមួយសមត្ថកិច្ចកងកម្លាំងរបស់យើង ក្នុងការរក្សានូវសណ្ដាប់ធ្នាប់ ចូលរួមនៅក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ដូចជាការសម្រួលចរាចរ បញ្ជៀសការកកស្ទះជាដើម។

ឯកឧត្តមអភិបាលខេត្ត ក៏បានយកឱកាសនោះថ្លែងកោតសរសើរដល់កម្លាំងប្រជាការពារទាំងអស់ ថ្វីត្បិតតែគ្មានប្រាក់បៀវត្ស ប៉ុន្តែកន្លងមកបានខិតខំប្រឹងប្រែងធ្វើការងារដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ។ ជាមួយនឹងការកោតសរសើរនេះ ថ្នាក់ដឹកនាំក្រុមការងារចុះជួយក្រុងកំពង់ចាម បានផ្ដល់នូវសម្ភារៈមធ្យោបាយ ជាការលើកទឹកចិត្តដល់បងប្អូនយកទៅបម្រើការងារ សម្រាប់កំណប់សម្គាល់កម្លាំងប្រជាការពារនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា បច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងបានគិតគូរ ដើម្បីឲ្យរៀបចំឯកសណ្ឋានឱ្យមានលក្ខណៈផ្លូវការមួយដល់ប្រជាការពាររបស់យើង បូករួមទាំងស្លាកសញ្ញាសំគាល់ប្រជាការពារ ដូចអ្វីដែលនគរបាលមាននោះដែរ ដើម្បីកំណត់សម្គាល់កម្លាំងប្រជាការពារទូទាំងប្រទេសតែម្ដង៕