គណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ ប្រទេសវៀតណាម ជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦


គណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០គ.ស ២០២៦ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងជំនួបនេះ ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកប្រធានគណៈកម្មាធិការ ប្រជាជនខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃ ដឹកនាំគណៈប្រតិភូខេត្តហ្សាឡាយ មកសំណេះសំណាលសួរសុខថ្នាក់ ដឹកនាំខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ដើម្បីពង្រឹងរឹតចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភគាំទ្រ និងការ ផ្លាស់ប្តូរ បទពិសោធន៍ ព័ត៌មាន ជូនគ្នាទៅវិញ ទៅមក និងថែរក្សានូវវប្បធម៌ ប្រពៃណីឲ្យបានគង់វង្ស និងរឹងមាំយូរអង្វែង។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរពីកិច្ចសហប្រតិបត្តិការវាងខេត្តយើងទាំង២ (ហ្សាឡាយ-រតនគិរី) ទទួលបានផ្លែផ្កាល្អ ពិសេសប្រជាពលរដ្ឋនៅតាមព្រំ ដែននៃប្រទេសទាំង២ បង្កឲ្យប្រជាពលរដ្ឋរកស៊ី ទទួលទានប្រកបដោយវឌ្ឍនភាព ឥតឈប់ឈរ។ បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែមានការរីកចម្រើន និងជីវភាពប្រជាជន ឲ្យកាន់តែមានភាពធូរធារថែមមួយកម្រិតទៀត និងសំដៅចូលរួមចំណែកសម្រេចឲ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដោយឡែក សម្រាប់ខេត្តរតនគិរី ក្រោមការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តបានកំពុងអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ដោយបានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសក្ដានុពលផ្ទៃដី​កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ និងដើម្បីឆ្លើយតបចំពោះកម្មវិធីពិសេសកម្មវិធីជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគ​ឦសាន ឆ្នាំ២០២៥-២០២៨ របស់រាជរដ្ឋាភិបាលឲ្យសម្រេចបានប្រសិទ្ធផល និងមានប្រសិទ្ធភាព​ខ្ពស់។

ឯកឧត្តមបានចាត់ទុកជំនួប គឺសក្ខីភាព បង្ហាញពីការផ្លាស់ប្តូរប្រតិភូ ការសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីប្រទេសនីមួយៗ ហើយខេត្តទាំង២ នឹងបន្តសកម្មភាពបន្តទៀត ដើម្បីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសនៅតាមព្រំដែនឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។

លោក ហ្វាម អាញ់ទ័ន បានថ្លែងក្នុងជំនួបថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការ រវាងខេត្តរតនគិរី និងខេត្តហ្សាឡាយ គឺឈរលើស្មារតីកិច្ចសហការសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំង២។ ការសហការគ្នាយ៉ាងល្អប្រសើរនេះ ជាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ទាំងការដឹកនាំ និងការអភិវឌ្ឍ។

លោកហ្វាម អាញ់ទ័ន បានបន្តថា ប្រទេសយើងទាំងពីរតែងតែពង្រឹង និងពង្រីកការលើកកម្ពស់ទំនាក់ទំនងឲ្យរីកចម្រើន ដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសទាំង២ រួមចំណែកជាវិជ្ជមានដល់ សន្តិភាព ស្ថិរភាព និងភាពរុងរឿង ស្របទៅនឹងបាវចនា នៃការទំនាក់ទំនងប្រទេសទាំង២ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង៕