អភិបាលខេត្តកំពង់ឆ្នាំង ស្នើឱ្យមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមផ្សព្វផ្សាយសមិទ្ធផលទេសចរណ៍ឱ្យបានផុសផុលដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចពលរដ្ឋ និងឱ្យវិស័យទេសចរណ៍រីកចម្រើន


នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកំពង់ឆ្នាំង បានស្នើឱ្យប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលទេសចរណ៍ឱ្យបានផុសផុលដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចពលរដ្ឋ និងឱ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន។

ការស្នើបែបនេះ របស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារវីរយុទ្ធជននៅសមរភូមិមុខចំនួន ៥០នាក់ ដោយមានការចូលរួមពីសំណាក់លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, មេបញ្ជាការមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ, អភិបាល អភិបាលរងក្រុង-ស្រុក,ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចទាំងពីរតែងតែបារម្ភ និងគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជន និវត្តន៍ជន ពិសេសគ្រួសារវីរយុទ្ធជន ដែលកំពុងឈរជើងការពារនៅសមរភូមិមុខនៅគ្រប់កាលៈទេសៈប្រកបដោយមនោសញ្ចេតនានឹករលឹក និងខ្វល់ខ្វាយពុំដែលភ្លេចម្ដងណាឡើយ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះត្រូវចូលរួមលេងកម្សាន្តល្បែងរបាំប្រជាប្រិយខ្មែរ និងរាំរបាំប្រពៃណី ដើម្បីអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិ ដើម្បីរក្សាបាននូវភាពសប្បាយរីករាយ សាមគ្គីភាព និងអត្តសញ្ញាណជាតិ។

ឯកឧត្តមអភិបាលបានសង្កត់ធ្ងន់ទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើយ៉ាងណាត្រូវមានការប្រុងប្រយ័ត្នអត់បានខ្ពស់ចំពោះការធ្វើដំណើរកម្សាន្តផ្លូវជិតផ្លូវឆ្ងាយត្រូវប្រុងប្រយ័ត្នជានិច្ចកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ ពិសេសប្រុងប្រយ័ត្នចំពោះភ្លើងផ្សែងផ្សេងៗដែលវាអាចបង្កជាអគ្គីភ័យបំផ្លាញដល់ផលដំណាំឬលំនៅឋានរបស់ប្រជាពលរដ្ឋដោយសារតែរដូវនេះជារដូវក្តៅងាយនឹងបង្ករនូវគ្រោះអគ្គីភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានក្នុងស្រុកនីមួយៗឱ្យបន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈព្រមទាំងចូលរួមអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកចូលរួមលេងកម្សាន្តក្នុងមូលដ្ឋានបំផុសភ្ញៀវទេសចរឱ្យចូលរួមលងកម្សាន្តក្នុងមូលដ្ឋានឱ្យបានច្រើនកុះករ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ដោយសារតែខេត្តកំពង់ឆ្នាំង មានសក្តានុពលផ្នែកទេសចរណ៍លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមន្ត្រីជំនា ញ និងមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលទេសចរណ៍ឱ្យបានផុសផុល ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិឱ្យវិស័យទេសចរណ៍រីកចម្រើនទាំងប្រទេស និងអន្តរជាតិ។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលខាងលើនេះឯកឧត្តមអភិបាលខេត្តក៏បាននាំយកអំណោយនិងថវិកាមួយចំ នួនផ្ដល់ជូនគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារវីរកងទ័ពនៅសមរភូមិមុខ ដោយក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនសម្រាប់សម្រាលនូវជីវភាពរបស់បងប្អូន និងសម្រាប់ធ្វើសោហុយត្រឡប់ទៅលំនៅឋានវិញផងដែរ៕