ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Oliver Richard ក្នុងការអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជានាឱកាសនេះ ដោយលោកក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់កន្លងមក។
ក្នុងឱកាស នៃជំនួបនេះលោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីព្រឹត្តិការណ៍កិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ ខាងមុខនេះ និងផែនការនៃការរៀបចំព្រឹត្តិការណ៍អមសម្រាប់វិស័យពាណិជ្ជកម្ម និងធុរកិច្ច។ បន្ថែមពីនេះថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើចំណុចគន្លឹះមួយចំនួន រួមមានការជំរុញការ វិនិយោគផ្ទាល់ពីបារាំង (FDI) ដោយក្នុងនោះដែរលោកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការចូលរួមសម្របសម្រួល និងរៀបចំវេទិកាធុរកិច្ចនានា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនបារាំង និងដៃគូក្នុងស្រុកឱ្យកាន់តែជិតស្និទ្ធ។
ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជម្រាបបន្ថែអំពីសក្តានុពលវិនិយោគនៅកម្ពុជា ភាពអនុគ្រោះនៃច្បាប់ស្តីពីវិនិយោគ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកម្ពុជា-សហរដ្ឋអាមេរិក ដែលសុទ្ធតែជាកត្តាដែលផ្តល់នូវភាពទាក់ទាញ ដល់ក្រុមហ៊ុនធំៗពីប្រទេសបារាំង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងបានជូនពរឱ្យបេសកកម្មការទូតរបស់លោក Oliver Richard នៅកម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-បារាំង៕



















