ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខាងមុខនេះ។
ឯកឧត្តម ប្រាក់ សោភ័ណណែនាំបែបនេះ ធ្វើឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ស្ដីពីការពិភាក្សាផែនការការពារ និងសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកផងដែរ។
ឯកឧត្តមបានបន្តថា ក្រៅពីពង្រឹងការងារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី កងកម្លាំងទាំង ១៣ក្រុង ស្រុក ក៏ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព រួមទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមក៏បានរម្លឹកដល់រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ អនាម័យ និងគ្រប់គ្រងសំរាមនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបានល្អប្រសើរ និងជំរុញឱ្យអាជ្ញាធរខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បង្កើតកម្មវិធីកម្សាន្តឱ្យបានច្រើន ជាពិសេសការដឹកនាំរៀបចំការលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការរក្សានូវសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាការប្រើប្រាស់កម្លាំងសរុបចំនួន ១,៥០៣នាក់ ដោយមានអង្គភាពពាក់ព័ន្ធចំនួន១០ បានចូលរួម រួមមាន៖ ស្នងការរដ្ឋាន, កងរាជអាវុធហត្ថ, អគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច, កងទ័ពជើងគោក, មូលដ្ឋានកងទ័ពអាកាសសៀមរាប, កងអង្គភាពកម្ចាត់មីន, កងអង្គភាពនគរបាលទេសចរណ៍, មន្ទីរសុខាភិបាលខេត្ត, មន្ទីរប្រៃសណីយ៍ និងប្រជាការពារផងដែរ។
លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា សម្រាប់ការងារនេះកម្លាំងយើងបានកំណត់តំបន់ការពារ រួមមាន៖ ទី១.ទៅលើការរៀបចំចំណត និងសម្រួលចរាចរណ៍នៅតាមដងផ្លូវ ដែលកិច្ចការនេះពិតជាសំខាន់ ក្នុងនោះមានកម្លាំងសរុបចំនួន៧៥នាក់ ,ទី២.ការពារគោលដៅពេលប្រារព្ធពិធីនៅតាមទីតាំងដែលបានរៀបចំ ដោយផ្ដោតសំខាន់លើការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ទាំងមុនពេលកម្មវិធី កំឡុងពេលកម្មវិធី និងក្រោយពេលកម្មវិធី ជាពិសេសការទប់ស្កាត់ករណីក្មេងទំនើងដែលបង្កអសន្ដិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះ ក្រុមការងារក៏បានពិភាក្សាទៅលើតម្រាយផ្លូវ ក្នុងការបិទផ្លូវនៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ក្នុងពេលរៀបចំពិធីផងដែរ៕














