ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានហើយកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ជាមួយច្បាប់ថ្មីនេះ សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា បាននឹងកំពុងជំរុញប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមបណ្តាមូលដ្ឋានក្នុងរាជធានី-ខេត្តទាំង២៥ ឱ្យកាន់តែមានភាពខ្លាំងខ្លាឡើងដើម្បីឱ្យយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ទទួលបានជោគជ័យ។
នេះជាប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលឯកឧត្តមបានថ្លែង ក្នុងឱកាស អញ្ជើញជាអធីបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និង «ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប និងអង្គការអន្តរជាតិប្រចាំកម្ពុជាចំនួន ៥៥រូប នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តច្បាប់ចំពោះបទល្មើសឆបោកអនឡាញ ដែលជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន មានបណ្តាញ និងអង្គការចាត់តាំងស្មុគស្មាញ។
ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ក៏បានរំលេចផងដែរថា កិច្ចសហប្រតិបត្តិការរបស់បណ្តាអង្គទូត និងដៃគូសហប្រតិបត្តិការនាពេលកន្លងមក បានរួមចំណែកសំខាន់ដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបោសសម្អាតបទល្មើស Online scam ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនក្នុងរយៈពេល៩ខែចុងក្រោយនេះ។
ឯកឧត្តមសន្តិបណ្ឌិត បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជានិច្ច ហើយតែងតែបានទទួលយកការសហការ និងសំណូពររបស់បណ្តាស្ថានទូតនានាជុំវិញករណី online scam នេះ ដើម្បីរួមគ្នាលុបបំបាត់ពើឆបោកតាមបចច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាព ខណៈដែលបញ្ហានេះជាបញ្ហារួមរបស់សកលោក។
ជាមួយគ្នានេះ កម្ពុជាបានថ្លែងអំណរគុណជូនដល់បណ្តាអង្គទូត អង្គការអន្តរជាតិ ភ្នាក់ងារអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលកន្លងមកតែងតែជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អទាំងផ្នែកបច្ចេកទេស ទាំងផ្នែកប្រតិបត្តិការ ទាំងផ្នែកនីតិវិធីច្បាប់ នៅក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់រាជរដ្ឋាភិបាលកម្ពុជា, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងរយៈកាលកន្លងមក។
ក្នុងន័យនេះដែរ ឯកឧត្តមក៏បានបានវាយតម្លៃខ្ពស់ផងដែរចំពោះ ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតចិន ដែលបានសហការយ៉ាងល្អតាមរយៈភ្នាក់ងារជំនាញដូចជា FBI, Homeland Security និងក្រសួងសន្តិសុខសាធារណៈចិន រួមចំណែកដល់ការស៊ើបអង្កេត និងការធ្វើកោសលវិច័យ។
តាមរយៈការដាក់ចេញនូវច្បាប់ថ្មីនេះ និងការបើកចំហកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបង្ហាញទៅកាន់ពិភពលោកនូវការទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់រាល់ទម្រង់នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្លួន និងសហគមន៍អន្តរជាតិឡើងវិញ។ ការប្រើប្រាស់កម្លាំងសរុបនៅទូទាំងប្រទេសជាមួយឆន្ទៈឥតដកថយរបស់រាជរដ្ឋាភិបាល គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តដ៏មោះមុត ដើម្បីធានាថាឧក្រិដ្ឋកម្មឆ្លងដែននេះ នឹងមិនវិលត្រឡប់មកកម្ពុជាវិញឡើយ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើដល់ ឯកអគ្គរដ្ឋទូតតំណាងអង្គទូត និងអង្គការអន្តរជាតិដែលមានវត្តមានក្នុងកិច្ចប្រជុំឱ្យចូលរួមជំរុញការផ្សព្វផ្សាយអំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងការពារប្រជាពលរដ្ឋ កុំឱ្យធ្លាក់ក្នុងឧបាយកលនៃការឆបោកតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឆ្លៀតយកឱកាសនោះអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែងទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីតំណាងក្រសួងយុត្តិធម៌ ដែលផ្តោតការពន្យល់លម្អិតលើខ្លឹមសារសំខាន់ៗនៃ «ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់អង្គប្រជុំទាំងមូលរាប់បញ្ចូលទាំងទិដ្ឋភាពសំខាន់ៗ និងលក្ខណៈពិសេសនៃច្បាប់ថ្មីនេះ។
ស្របជាមួយការលើកឡើងជាសំណួរដែលសុទ្ធសឹងមានសារៈសំខាន់ សម្រាប់ការស្វែងយល់ស៊ីជម្រៅពីសំណាក់អង្គប្រជុំយ៉ាងផុលផុស ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត និងអង្គការអន្តរជាតិ ក៏បានបង្ហាញការសាទរដល់ប្រទេសកម្ពុជាយ៉ាងខ្លាំងចំពោះលទ្ធផល និងវឌ្ឍនភាពនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសសការដាក់ឱ្យអនុវត្តច្បាប់ថ្មី ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា។
ជាមួយច្បាប់នេះបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្តគឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ៕










