ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំ មន្ត្រីរាជការក្រសួង ប្រារព្ធរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ព្រះនាម «រាក្យសាទេវី» ដែនឹងយាងចុះមកនៅវេលាម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន និងលោកជំទាវ និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយរូបសំណាកព្រះពុទ្ធបដិមា នៅបរិវេណសួនច្បារនៃទីស្តីការក្រសួង និងបាននិមន្តសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ និងព្រះមន្រ្តីសង្ឃទាំង២គណៈ ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ជាកិច្ចជូនដំណើរឆ្នាំចាស់ និងត្រៀមទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ជាថ្ងៃចូលឆ្នាំខ្មែរមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៦។
នាឱកាសដ៏មហាជ័យមង្គលនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ ។
ពិសេសសូមបួងសួង ទេវតាឆ្នាំថ្មី សូមជួយថែរក្សាអភិបាលប្រោះព្រំ សិរីមង្គល ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមបានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិនិងមាតុភូមិកម្ពុជា។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា រៀបចំការ សម្តែងរបាំជូនពរ និង របាំត្រុដិ ដែលជារបាំប្រពៃណីជាតិដ៏មានអត្ថន័យ សម្រាប់បោសសម្អាតឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងប្រសិទ្ធពរជ័យសិរីសួស្តីសម្រាប់ឆ្នាំថ្មី។
បន្ថែមពីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក៏បានចូលរួមលេង «ល្បែងប្រជាប្រិយខ្មែរ» យ៉ាងកុះករ និងក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។ ការរៀបចំឱ្យមានរបាំប្រពៃណី និងល្បែងប្រជាប្រិយនេះ មិនត្រឹមតែបង្កើតនូវភាពសប្បាយរីករាយ និងសាមគ្គីភាពផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការ ថែរក្សា លើកស្ទួយ និងបង្អួតបង្ហាញនូវអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំរបស់ជាតិ ទៅកាន់សាធារណជន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ៕


