ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីរាជការរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសិរីសួស្តី ជ័យមង្គល ជូនដល់គ្រួសារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រារព្ធឡើងនៅទីស្តីការក្រសួង ដោយមានវត្តមានចូលរួមពីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ពហុវុឌ្ឍា ម៉ែន នារីវុឌ្ឍី ហូសិទ្ធី។

​ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ប្រកបដោយសទ្ធាជ្រះថ្លា វេរប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យចំពោះព្រះសង្ឃ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់ភារកិច្ច ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ជានិច្ចនិរន្តរ៍តរៀងទៅ។

​ទន្ទឹមនឹងនេះ នៅក្នុងពិធីក៏មានការសម្ដែងសិល្បៈប្រពៃណី រួមមាន៖ របាំជូនពរ របាំត្រុដិ និងការលេងឆៃយ៉ាំយ៉ាងកងរំពង ដើម្បីបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មី។ ក្រោយបញ្ចប់កិច្ចតាមបែបសាសនា និងសិល្បៈ ក៏មានការរៀបចំកម្មវិធីពិសានំបញ្ចុកសាមគ្គី ដើម្បីបង្កើននូវភាពស្និទ្ធស្នាល និងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំផងដែរ។

សូមបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ដើម្បីជូនដំណើរឆ្នាំចាស់ និងត្រៀមទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។ ជាពិសេស គឺការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ដែលជាបុត្រីទី៣ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកគ្រងជម្ពូរទ្វីប នៅវេលាម៉ោង ១០:៤៨ នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕