តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយ និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
ឯកឧត្តម វង សូត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ជូនចំពោះបងប្អូននិវត្តជនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែល នឹងឈានចូលមកដល់នាពេលខាងមុខ។
នៅចំពោះមុខនិវត្តជនប្រមាណ២២៤នាក់ លោកអនុប្រធានទី២រដ្ឋសភា បានចែករំលែកបទពិសោធនៃការដឹកនាំរៀបចំគោលនយោបាយគាំពារសង្គម ជាពិសេសការរៀបចំគោលការណ៍សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជន ក្នុងពេលដែលឯកឧត្តម ធ្លាប់ចូលរួមដឹកនាំរាជរដ្ឋាភិបាល កាលពីនីតិកាលកន្លងទៅ។
លោកបានលើកឡើងថា ដោយការដឹងគុណចំពោះយុទ្ធជន និងមន្ត្រីរាជការ ដែលធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំក្របខ័ណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីឱ្យមន្ត្រីរាជការដែលបានចូលនិវត្តន៍ អាចបន្តរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរ នៅក្នុងសង្គម។
រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរអំពីសិទ្ធ និងអត្ថប្រយោជន៍របស់និវត្តជនមន្ត្រីរាជការប៉ុណ្ណោះទេ គឺថែមទាំងបានពង្រីងវិសាលភាពនៃគោលនយោបាយគាំពារសង្គមគ្របដណ្តប់ដល់វិស័យឯកជនថែមទៀតផង រួមបញ្ចូលទាំងបងប្អូនប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផង។ ជាអាទិ៍ ការបង្កើតបេឡាជាតិសន្តិសុខសង្គមហៅកាត់ថា (ប.ស.ស)គឺពិតជាបានផ្តល់អត្ថប្រយោជន៍ធំធេងណាស់ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រមជ្ឈដ្ឋាន។
លោកអនុប្រធានទី២រដ្ឋសភា លើកឡើងថា និវត្តជនគឺជាធនធានដ៏មានតម្លៃ និងមានបទពិសោធជាច្រើន ក្នុងការចូលរួមបម្រើជាតិមាតុភូមិ ដូច្នេះហើយរាជរដ្ឋាភិបាលមិនភ្លេចឬទុកឱ្យបងប្អូននិវត្តជននៅឯកការឡើយ ហើយរាជរដ្ឋាភិបាលនៅតែបន្តរក្សាបានទំនាក់ទំនងបានយ៉ាងល្អជាមួយបងប្អូននិវត្តជនទាំងអស់។
លោក បានបង្ហាញការគាំទ្រ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនឡើង ដែលសព្វថ្ងៃនេះហៅថា សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន ព្រមទាំងគ្រួសារនិវត្តជនទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ បង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា។ លោក សង្ឃឹមថា បងប្អូននិវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏នឹងមានឱកាសទទួលបានអត្ថប្រយោជន៍ ក្រោមឆ័ត្រនៃសមាគមនេះផងដែរ។
ឯកឧត្តម វង សូត បានកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរៀបចំក្របខ័ណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងបានផ្តល់អនុសាសន៍ដល់អគ្គលេខាធិការរដ្ឋសភា បន្តរក្សាទំនាក់ទំនងល្អជាមួយបងប្អូននិវត្តជន ព្រមទាំងពិនិត្យលទ្ធភាពរៀបចំការជួបជុំបន្ថែមទៀតរវាងនិវត្តជននិងមន្រ្តីរាជការដែលកំពុងបម្រើការងារ ដើម្បីចែករំលែកសុខទុក្ខ និងបទពិសោធន៍រវាងគ្នា។
ជាចុងក្រោយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ លោក វង សូត បានបួងសួងដល់ វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី មេត្តាប្រោសព្រំសព្ទសាធុការពរ បវរមហាប្រសើរ ជូនដល់និវត្តជន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់៕

























