កម្ពុជា-សាធារណរដ្ឋឆែក សហការគ្នាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទំាងពីរឲ្យកាន់តែសកម្ម


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Markéta Kolc Hájková ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបលោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដែលបានអនុញ្ញាតចូលជួបសំដែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈលើការបង្កើនកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ជាពិសេសចែករំលែកនូវបទពិសោធលើការអភិវឌ្ឍវិស័យទេសចរណ៍ និងចំណង់ចំណូលចិត្តធ្វើទេសចរណ៍របស់ប្រជាជនឆែក។ លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសក្នុងវិស័យទេសចរណ៍ដែលលោកជំទាវបានឃើញផ្ទាល់ជាក់ស្តែងរវាងការធ្វើដំណើរមកទស្សនាកម្ពុជាជាលើកដំបូងកាលពី១៥ឆ្នាំមុន និងស្ថានភាពទេសចរណ៍នាពេលបច្ចុប្បន្ននេះដែលទទួលការកើនឡើងគួរឱ្យកត់សម្គាល់ដែលកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ សុខសុវត្ថិភាពដល់ភ្ញៀវទេសចរដែលធានាបានដោយរាជរដ្ឋាភិបាលកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឆែកដែលតែងតែជួយឧបត្តម្ភគាំទ្រប្រទេសកម្ពុជាលើគ្រប់វិស័យ ដើម្បីស្ថាបនាប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីរបបប្រល័យពូជសាសន៍ខែ្មរក្រហមបានដួលរលំចាប់តាំងពីឆ្នាំ១៩៨១ រហូតមក។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីកំណើនភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពចាត់ទុកវិស័យទេសចរណ៍ជាភារកិច្ចរួមគ្នាដែលត្រូវសហការចូលរួមជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតតាមរយៈសកម្មភាពជាក់ស្តែងរួមគ្នា កិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា ដើម្បីបង្កើនចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងជាលំដាប់។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក មានទំនាក់ទំនងការទូតដ៏ល្អលើគ្រប់វិស័យ ចាប់តាំងពីឆ្នាំ១៩៥៦ មក ដែលគិតមកដល់បច្ចុប្បន្នមានរយៈពេលជាង៧០ឆ្នាំមកហើយ។ ចំណងមិត្តភាពជាពិសេស គឺ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានគង់បន្តព្រះរាជសិក្សានៅសាធារណរដ្ឋឆែក និងអាចប្រើប្រាស់ភាសាឆែកយ៉ាងស្ទាត់ជំនាញផងដែរ៕