រដ្ឋបាលខេត្តកំពង់ធំ រៀបចំក្រុងពាលីព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ជាតិ ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាធិបតីក្នុងពិធីក្រុងពាលីព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្នុងបរិវេណសណ្ឋាគារចាស់(ផ្ទះបារាំង) ក្រុងស្ទឹងសែន។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ក្នុងការបួងសួងសុំសេចក្តីសុខត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មមញ្ញសាសនា តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គម។

ពិធីបួងសួងក៏ដូចជាពិធីក្រុងពាលី ស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរ មានជំនឿជឿថានៅលើលោកនេះអ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅ ដែលប្រព្រឹត្តិអំពើល្អ និងមានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ។

ការប្រារព្ធពិធីនេះ បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ នៃជាតិសាសន៍របស់ខ្លួន តាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាល នៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មញ្ញសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។

ក្នុងពិធីក្រុងពលីបានធ្វើការបួងសួងបារមីដ៏ស័ក្តសិទ្ធ ដែលគ្រប់គ្រងថែរក្សាឋានកៃឡាស់ មានព្រះមាតាមេឃាពពកស ព្រះធរណី ព្រះគង្គា និងបារមីព្រះមហាក្សត្រ គ្រប់ជំនាន់នៃប្រទេសកម្ពុជា និងបារមីអរុក្ខអរ័ក្សអ្នកថែរក្សាទឹកដីដ៏ពិសិដ្ឋនេះ។

ការរៀបចំក្រុងពាលីនាបច្ចុប្បន្ននេះ បងប្អូនពុទ្ធបរិស័ទខ្មែរយើង តែងមានជំនឿទៅលើពិធីកម្មមួយជាចេតនាកម្ម មុននឹងធ្វើ ពិធីអ្វីមួយ គឺតែងតែរៀបចំពិធីសែន ក្រុងពាលី ក្នុងការឧទ្ទិសចំណែបុណ្យជូនដល់ស្តេចក្រុងពាលីតែមួយគត់៕