កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូមម្ពុជា លើកទី១៣ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបរិយាបន្នជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម។
ប្រធានបទនៃទិវាឆ្នាំនេះ គឺផ្តោតលើការចងក្រងចក្ខុវិស័យរួមរវាង «បរិវត្តកម្មឌីជីថល» និង «បរិយាបន្នពិការភាព» ដើម្បីធានាថាជនមានពិការភាពទាំងអស់ ជាពិសេសជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម អាចទទួលបានឱកាសស្មើភាពក្នុងការអភិវឌ្ឍជីវិត និងចូលរួមយ៉ាងសកម្មក្នុងសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលបានសមស្របប្រកបដោយប្រសិទ្ធភាព។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ចំពោះជនមានពិការភាពគ្រប់រូប ជាពិសេសក្មួយៗមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម តាមរយៈការដាក់ចេញនិងអនុវត្តកម្មវិធីពាក់ព័ន្ធពិការភាពមួយចំនួនដូចជា កម្មវិធីបង្ការពិការភាព កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព ការស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងនៅក្នុងមជ្ឈមណ្ឌល និងសហគមន៍ ការព្យាបាលដោយចលនា កម្មវិធីលើកកម្ពស់សហគ្រិនភាពនិងការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីអប់រំពិសេសនិងបរិយាបន្ន កម្មវិធីអាហារូបករណ៍ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការកសាងនិងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តផាសុកវត្ថុ ការផ្តល់ប័ណ្ណបើកបរសម្រាប់ជនមានពិការភាព ការទទួលបានការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋនិងឯកជន កម្មវិធីផ្តល់ផ្ទះដល់ជនមានពិការភាពក្រីក្រ ការផ្តល់ឱកាសដល់ជនមានពិការភាពក្នុងការបញ្ចេញទេពកោសល្យ កម្មវិធីអភិវឌ្ឍន៍ជីវភាពរស់នៅរបស់យោធិនពិការ ការផ្តល់ឱកាសការងារក្នុងក្រសួង ស្ថាប័នរដ្ឋ និងឯកជន និងការចូលរួមក្នុងសកម្មភាពសិល្បៈ និងកីឡា ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
1- សូមបង្កើនការយល់ដឹងអំពីពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូមដល់ឱពុកម្តាយ អាណាព្យាបាល សមាជិកគ្រួសារ ឬអ្នកជិតខាងនៅក្នុងសហគមន៍
2- ជំរុញ លើកទឹកចិត្ត និងគាំទ្រការបង្កើតសាលានិងកម្មវិធីសិក្សាដែលសមស្របសម្រាប់កុមារមានតម្រូវការពិសេសនៅតាមសាលាចំណេះទូទៅរដ្ឋនិងឯកជន រួមទាំងបណ្តុះបណ្តាលជំនាញអប់រំពិសេសដល់គ្រូបង្រៀន
3- បណ្តុះបណ្តាលអ្នកជំនាញឯកទេស ក្នុងការកំណត់ និងវាយតម្លៃប្រភេទពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម នៅទូទាំងប្រទេស
4- លើកទឹកចិត្ត និងបង្កើនឱកាសដល់ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ក្នុងការទទួលបានការសិក្សាអប់រំ ការបណ្តុះបណ្តាលជំនាញ និងការចូលរួមសកម្មភាពនានាក្នុងសង្គម ជាពិសេសឱកាសក្នុងការទទួលបានការងារសមស្រប
5- ផ្សព្វផ្សាយការយល់ដឹងអំពីពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស អ្នករៀបចំគោលនយោបាយ និងអាជ្ញាធរមូលដ្ឋាន
6- ជំរុញនិងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគាំទ្រ បច្ចេកទេសនិងថវិកាដល់គម្រោងសកម្មភាពពាក់ព័ន្ធនឹងពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម។


