ទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមម្ពុជា លើកទី១៣


កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ជា ផល្គុន បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាជនមាន​ពិការ​ភាព​អូទីស្សឹមនិងដោនស៊ីនដ្រូមម្ពុជា លើកទី១៣ ក្រោម​ប្រធាន​​​​បទ «បរិវត្តកម្មឌីជីថល និងបរិយាបន្នជនមានពិការភាព​អូទីស្សឹម និងដោន​ស៊ីនដ្រូម​លើគ្រប់វិស័យ» ដោយមានការអញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំ​ក្រសួង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម។
ប្រធានបទនៃទិវាឆ្នាំនេះ គឺ​ផ្តោត​លើការចងក្រងចក្ខុវិស័យរួមរវាង «បរិវត្តកម្មឌីជីថល» និង «បរិយាបន្នពិការភាព» ដើម្បីធានាថាជនមានពិការភាពទាំងអស់ ជាពិសេសជនមានពិការភាពអូទីស្សឹម និងដោន​ស៊ីនដ្រូម អាចទទួលបានឱកាសស្មើភាព​​ក្នុងការអភិវឌ្ឍជីវិត និងចូលរួមយ៉ាងសកម្មក្នុងសង្គម តាមរយៈ​ការប្រើប្រាស់ប្រព័ន្ធឌីជីថលបានសមស្រប​ប្រកបដោយប្រសិទ្ធភាព។​
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ​ស្វា​ហាប់ និងឈ្លាសវៃ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានកិត្តិយសក្រុមប្រឹក្សា​សកម្ម​ភាព​ជនពិការ ​​​ចំពោះជនមានពិការភាព​​គ្រប់រូប ជាពិសេសក្មួយៗមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម តាមរយៈការដាក់ចេញនិងអនុវត្តកម្មវិធីពាក់ព័ន្ធពិការភាពមួយចំនួន​​ដូចជា​ កម្មវិធី​បង្ការពិការភាព កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព ការស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងនៅក្នុងមជ្ឈមណ្ឌល និងសហគមន៍ ការព្យាបាល​ដោយ​ចលនា កម្មវិធីលើកកម្ពស់សហគ្រិនភាពនិងការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីអប់រំពិសេសនិងបរិយាបន្ន កម្មវិធី​​អាហារូបករណ៍ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការកសាងនិងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​ផាសុកវត្ថុ ការផ្តល់ប័ណ្ណបើកបរសម្រាប់ជនមានពិការភាព ការទទួលបានការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋនិងឯកជន កម្មវិធីផ្តល់ផ្ទះដល់ជនមានពិការភាពក្រីក្រ ការផ្តល់ឱកាស​ដល់ជនមានពិការភាពក្នុងការបញ្ចេញទេពកោសល្យ កម្មវិធីអភិវឌ្ឍន៍ជីវភាពរស់នៅរបស់យោធិនពិការ ការផ្តល់ឱកាសការងារក្នុងក្រសួង ស្ថាប័ន​រដ្ឋ និងឯកជន និងការចូលរួមក្នុងសកម្មភាពសិល្បៈ និងកីឡា ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍​មួយចំនួន ​ដូច​ខាង​​ក្រោម​៖
1- សូមបង្កើនការយល់ដឹងអំពីពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូមដល់ឱពុកម្តាយ អាណាព្យាបាល សមាជិកគ្រួសារ ឬអ្នកជិតខាងនៅក្នុងសហគមន៍
2- ជំរុញ លើកទឹកចិត្ត និងគាំទ្រការបង្កើតសាលានិងកម្មវិធីសិក្សាដែលសមស្របសម្រាប់កុមារមានតម្រូវការពិសេសនៅតាមសាលាចំណេះទូទៅរដ្ឋនិងឯកជន រួមទាំងបណ្តុះ​បណ្តាល​ជំនាញអប់រំពិសេសដល់គ្រូបង្រៀន
3- បណ្តុះបណ្តាលអ្នកជំនាញឯកទេស ក្នុងការកំណត់ និងវាយតម្លៃប្រភេទពិការភាពអូទីស្សឹម និង​ដោន​ស៊ីនដ្រូម នៅទូទាំងប្រទេស
4- លើកទឹកចិត្ត និងបង្កើនឱកាសដល់ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ក្នុង​ការ​ទទួល​បាន​ការសិក្សាអប់រំ ការបណ្តុះបណ្តាលជំនាញ និងការចូលរួមសកម្មភាពនានា​ក្នុង​សង្គម ជាពិសេស​ឱកាសក្នុងការទទួលបានការងារសមស្រប
5- ផ្សព្វផ្សាយការយល់ដឹងអំពីពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស អ្នករៀបចំគោលនយោបាយ និងអាជ្ញាធរមូលដ្ឋាន
6- ជំរុញនិងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគាំទ្រ បច្ចេកទេសនិងថវិកាដល់គម្រោងសកម្មភាពពាក់ព័ន្ធនឹងពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម។