ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការគាំទ្រដល់ស្ថានទូតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ដែលបាននាំមកនូវសមិទ្ធផលសំខាន់ៗ និងគួរជាទីមោទនៈ អាចសម្រេចបានក្នុងអំឡុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងពុំចេះនឿយហត់របស់លោកជំទាវ ក្នុងការពង្រឹងពង្រីកព្រូនជ្រុំចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្កាខ្ពស់លើគ្រប់វិស័យ ជាពិសេសក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថាការតភ្ជាប់ការហោះហើរត្រង់រវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញក្នុងអាណត្តិទូតលោកស្រី ពិតជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ការតភ្ជាប់កម្ពុជាទៅកាន់ច្រកទ្វារពិភពលោក និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនតួកគី និងពិភពលោកទាំងមូល។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានជូនពរលោកស្រីឯកអគ្គរដ្ឋទូត និងក្រុមគ្រួសារទទួលបានសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារបន្តទៀត ព្រមទាំងបានបញ្ជាក់ឡើងវិញអំពីមិត្តភាពយូរអង្វែងរវាងកម្ពុជា និងតួកគី និងការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិដ៏ល្អ និងផ្លែផ្កានេះ ឱ្យកាន់តែរីកចម្រើន និងជ្រាលជ្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងតួកគីយ៉េ។
សូមបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩ ហើយកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ត្រូវបានពង្រឹង តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨។ ក្នុងឆ្នាំ២០២៥ កន្លងទៅ មានភ្ញៀវទេសចរតួកគីមកទស្សនាកម្ពុជាជិត១១.០០០ នាក់ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ មានចំនួនជិត៤.៧០០នាក់ ពោលបានកើនឡើងជិត១៦% ដែលបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់ និងជាផ្លែផ្កាជាក់ស្តែងពីវត្តមានជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ខេត្តសៀមរាប៕











