លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣៥៧គ្រួសារ មានជនចាស់ជរា ជនមានពិការភាព កុមាកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជំងឺអេស៍ ដែលមានជីវភាពទីទ័លក្រ មកពី៧៧ភូមិ លើកឃុំចំនួន ៨ឃុំ ក្នុងស្រុកបាណន់។
ពិធីនេះដោយមានចូលរួមពីលោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាស្រុកបាណន់ អ្នកស្មគ្រ័ចិត្ត និងយុវជនជាច្រើនរូប។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត សុខ ផល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងងកោតសរសើរចំពោះថ្នាក់ដឹកនាំសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកបាណន់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់បងប្អូនពុក ម៉ែ មា មីង លោកយាយលោកតា ទាំងអស់ និងបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ។ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល»។
លោកសន្តិបណ្ឌិត បានអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម។
លោកសន្តិបណ្ឌិត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗ ទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួននិងមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។
ជាមួយគ្នានេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ លោកសន្តិបណ្ឌិត សុខ ផល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើងអគ្គិសនី ធូប ទៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នាជៀសវាងមានគ្រោះថ្នាក់ផ្សេងៗផងដែរ។
ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសន្តិបណ្ឌិត សុខ ផល ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាក ប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
អំណោយផ្តល់ជូនក្នុងគ្រួសារនីមួយៗទទួលបានអង្ករ២៥គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ទឹកស៊ីអ៉ីវ១យួរ និងថវិកាមួយចំនួនផងដែរ។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ប្រជាពលរដ្ឋទាំង ៣៥៧គ្រួសារខាងលើ ជាអំណោយមនុស្សធម៌របស់លោកសន្តិបណ្ឌិត សុខ ផល៕



















