អភិបាលខេត្តព្រះសីហនុ នាំអំណោយទឹកចិត្តសប្បុរសជន ចែកជូន​​​​​​​វីរកងទ័ពជួរមុខ កំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅខេត្តឧត្តមានជ័យ


លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ អភិបាលខេត្តបាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអំណោយដែលបានមកពីការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ផ្តល់ជូនវីរកងទ័ពខ្មែរនៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក។

អំណោយទាំងនេះត្រូវបានប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ សម្ព័ន្ធមេត្រីភាព ខេត្តឧត្តរមានជ័យដើម្បីគាំទ្រនិងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងសកម្មនៅតំបន់សមរភូមិមុខ។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្តសប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគអំណោយតាមរយៈរដ្ឋបាលខេត្ត និងនៅតែបន្តការគាំទ្រយ៉ាងសកម្ម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

អភិបាលខេត្តបានគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពជាតិ ដោយលើកឡើងថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរជួយខ្មែរ» ជាវប្បធម៌ដ៏មានតម្លៃក្នុងការជួយគ្នានៅពេលមានអាសន្ន ខណៈដែលខឿនការពារជាតិរបស់ប្រជាជននឹងបន្តរឹងមាំ ដរាបណាការគំរាមកំហែងនៅតែមាន៕