​អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនជនចាស់ជរា និងគ្រួសារជួបការលំបាក ២៣០គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារសប្បុរសធម៌សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចទាំងទ្វេ ផ្ដល់ជូនជនចាស់ជរា និងគ្រួសារជួបការលំបាកចំនួន ២៣០គ្រួសារ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅផ្ដល់ជូនជនចាស់ជរា និងពលរដ្ឋជួបការលំបាកនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង របស់ថ្នាក់ដឹកនាំ ជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខាងលើនេះ ដោយមានការអញ្ជើញអមដំណើរ ពីលោកអភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត លោកអភិបាលស្រុកកំពង់លែង រួមនិងក្រុមការងារជាថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះថ្នាក់ដឹកនាំ បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេ មកដល់បងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ពីចម្ងាយប្រកបដោយមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។ លោកប្រធានបានបញ្ជាក់ថា ជានិច្ចជាកាលសម្ដេ ចទាំងទ្វេ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខផ្ទាល់ខ្លួន។

សម្ដេចក៏តែងតែបានពិនិត្យនិងតាមដាន និងស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋយើងទទួលបានសេវាសង្គមពិតប្រាកដពីរាជរដ្ឋាភិបាល។ សម្ដេចតែងតែគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយមិនទុកឲ្យគ្រួសារណាមួយនៅឯការឡើយ គឺតែងតែនៅកៀកបម្រើពលរដ្ឋដោយមិនគិតពីការនឿយហត់ ដើម្បីផ្ដល់ភាពកក់ក្តៅជូនពលរដ្ឋ។

កន្លងមកសម្ដេចតែងតែបង្ហាញវត្តមាននៅពេលដែលប្រជាពលរដ្ឋជួបការលំបាកនិងខិតខំប្រឹងប្រែងកសាងប្រទេសតាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ សម្ដេចក៏បានណែនាំដល់មន្ត្រីឲ្យធ្វើជាអ្នក បម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋមិនមែនជាចៅហ្វាយនាយ និងត្រូវរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ។

សម្ដេចតែងតែមានការកង្វល់នៅពេលមានបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ដោយសម្ដេចមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សម្ដេចក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់មូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខ ដោយត្រូវបង្កើនការប្រុងប្រយ័ត្នការពារសន្តិសុខជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានល្អ នឹងត្រូវការពារទាំងទ្រព្យសម្បត្តិ និងផ្ទះសំបែងប្រជាពលរដ្ឋផងដែរដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមលេងកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃនេះប្រកបដោយភាពសប្បាយរីករាយ៕