សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី


ទូលព្រះបង្គំជាខ្ញុំ និងសមាជិក-សមាជិកា គណៈកម្មាធិការកណ្ដាល ព្រមទាំងមន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងយុវជនកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវកត្តញ្ញូតាធមដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លាជយាភិរម្យ ប្រកបដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ចំពោះព្រះមហាករុណាទិគុណនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ កូន ចៅ ចៅទួត ក្នុងការធ្វើឲ្យប្រទេស ជាតិទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមទូលថ្វាយ សម្តេចព្រះវររាជមាតា នូវព្រះមហា ស័ព្ទសាធុការពរ បវរសួស្តី មហាសិរីមង្គលវិបុលសុខ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី បារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ បារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ មហាក្សត្រីយានី និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមព្រះមេត្តាប្រោសប្រទានព្រះពរជ័យ និងប្រោសព្រំថែរក្សា សម្តេចព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះវររាជមាតាមានព្រះសុខុមាលភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរម សិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ ពិសេសសូមទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕⁩