សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី


ទូលព្រះបង្គំជាខ្ញុំ និងសមាជិក-សមាជិកា គណៈកម្មាធិការកណ្ដាល ព្រមទាំងមន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងយុវជនកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីអំណរសាទរឥតឧបមាថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា មហាប្រសើរគ្រប់យ៉ាង នៅក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លាជយាភិរម្យ ប្រកបដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿងរបស់មាតុភូមិកម្ពុជាជាទីស្នេហា និងប្រជានុរាស្ត្រ ដើម្បីបន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមប្រទាននូវពរជ័យបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិផងទាំងពួង ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំឧត្ដុង្គឧត្ដមរុងរឿង សម្រាប់មាតុភូមិខ្មែរ៕⁩