ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីសូត្រមន្ត នៅបរិវេណវត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីបួងសួងសូមសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩។
បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះខេត្តកំពង់ចាម មានរៀបចំកម្មវិធី សង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី មានលក្ខណៈប្លែកច្រើនជាងពីឆ្នាំមុន។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ការរៀបចំដែលគួរឱ្យកត់សម្គាល់សម្រាប់ «សង្ក្រាន្តកំពង់ចាម» មានការរៀបចំសោភ័ណ្ឌភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នាជាពិសេសការដាក់តាំងស្តង់ពីរពណ៌ តាមដងផ្លូវក្នុងក្រុងកំពង់ចាម និងព្រឹត្តិការណ៍លៀសហាលដែលមានចំនួន ៥ តោនជាដើម។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា ចំពោះព្រឹត្តិការណ៍លៀសហាល ធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ដែលជាថ្ងៃចូលឆ្នាំទី២ ជាការទាក់ទាញប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយ ចូលរួមពិសារដោយសេរី និងចូលរួមសប្បាយរីករាយទាំងអស់គ្នា នៅក្នុងកម្មវិធីបើកសង្ក្រានឆ្នាំថ្មី កាន់តែមានចំនួនច្រើនជាងឆ្នាំមុន៕







