អភិបាលខេត្តកែប ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប


ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដឹកនាំមន្ត្រី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះជួបសំណេះសំណាល សួរសុខទុក និងនាំយកគ្រឿងឧបភោគ បរិភោគ ចែកជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប។

ក្រោយពីបានស្តាប់របាយការណ៍សង្ខេបស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត រួចមក។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ទាំងអស់ និងក្នុងនាមរូបលោកផ្ទាល់ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ដែលមានស្មារតីទទួលខុសត្រូវ ការអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អក្នុងកិច្ចប្រតិបត្តិការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ ក៏ដូចជាអញ្ជើញមកសម្រាក លម្ហែកម្សាន្តក្នុងខេត្ត នាពេលកន្លែងមក ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ទន្ទឹមនេះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងនគរបាល ត្រូវសហការល្អ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត បន្តខិតខំយកចិត្តទុកដាក់ និងប្តេជ្ញាការពារឱ្យខានតែបាន នូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកនៅវេលាម៉ោង១០:៤៨នាទីព្រឹកស្អែកនេះ។ បន្ថែមពីនេះ ត្រូវមានឯកភាពជាតិតែមួយ មិនត្រូវស្ដាប់ការញុះញង់ ពីជនអគតិមួយក្តាប់តូច ដែលប៉ុនប៉ងបង្កចលាចលសង្គមជាតិនោះទេ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគ បរិភោគរួមមាន៖ ថវិកា ៣លានរៀល,ទឹកបរិសុទ្ធ ១០០កេស, ទឹកក្រូច ៣០កេស, មីជាតិ ៤០កេស និងអង្ករ ៤០បាវផងដែរ៕