រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ ៧៥អង្គ ដើម្បីចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ឆ្នាំមមី


ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន ៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម «រាក្សសាទេវី» ជាបុត្រីទី៣ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង១០ និង៤៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ស្អែកនេះ។

ពិធីនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមចំណុះរដ្ឋបាលរាជធានី និងសាលាខណ្ឌទាំង ១៤មន្ទីរ អង្គភាពស្ថាប័ននានាយ៉ាងច្រើនកុះករ នៅសាលារាជធានីភ្នំពេញ។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃ អ៊ុបទ្រុបផងទាំងពួង ដែលកើតមានកាលពីឆ្នាំចាស់ និងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់ខ្មែរយើង។

នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ពិធីបុណ្យចូលឆ្នាំនេះបានរៀបចំឡើងយ៉ាងអធឹកអធមដូចឆ្នាំកន្លងទៅ ដោយឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសជូនដំណឹងពីការហាមដាច់ខាត ចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ ខណៈដែលអាកាសធាតុ ក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងផងដែរ៕