អភិបាលខេត្តប៉ៃលិន ចុះប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជននៅស្រុកសាលាក្រៅ


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា អនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ សាំង វី ភេទ ប្រុស អត្តលេខRB013000169 រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ រំដោះប្រទេសជាតិប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមាន សុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។

លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជននិងនិវត្តជន ពួកគាត់ពិតជាបាន លះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន បង្កើតឱ្យមានសមាគមនេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ ដោយបន្តទទួលបានការយកចិត្តទុកដាក់និង អត្ថប្រយោជន៍ បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាព ឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ និងយកចិត្តទុកដាក់ មើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ ហើយបន្ថែមពីលើនេះ សូមជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដា មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា របស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរ ឡើងថែមទៀតផងដែរ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានផ្ដល់ សម្ភារៈបរិក្ខា ស្បៀងអាហារ និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ ដល់អតីតយុទ្ធជន ឈ្មោះ សាំង វី ដែលទើបទទួលបានផ្ទះថ្មីមួយខ្នង៕